ព័ត៌មានអន្តរជាតិ

តំបន់ហ្គាហ្សា ប្រឈមមុខនឹងវិបត្តិមនុស្សធម៌ កាន់តែធ្ងន់ធ្ងរឡើង បើទោះបីជាមាន បទឈប់បាញ់ក៏ដោយ

ហ្គាហ្សា៖ តំបន់ហ្គាហ្សា កំពុងប្រឈមមុខ នឹងវិបត្តិមនុស្សធម៌ កាន់តែធ្ងន់ធ្ងរឡើង ដោយមន្ទីរពេទ្យ និងសេវាកម្មសំខាន់ៗ កំពុងជួបការលំបាក ទោះបីជាមានបទឈប់បាញ់ រវាងអ៊ីស្រាអែល និងហាម៉ាស់ ដែលចូលជាធរមាន នៅថ្ងៃទី ១០ ខែតុលាក៏ដោយ។

រយៈពេល ៥០ថ្ងៃបន្ទាប់ពីកិច្ចព្រមព្រៀងនេះ ប្រជាជនភាគច្រើននៃប្រជាជន ២ លាននាក់នៅក្នុងតំបន់ហ្គាហ្សា នៅតែស្ថិតនៅក្នុងតង់ និង ជម្រកបណ្តោះអាសន្ន ដោយមានសញ្ញាតិចតួចនៃស្ថានភាពរស់នៅប្រសើរឡើង។ ប្រព័ន្ធទឹក និងលូកំពុងបរាជ័យ កាកសំណល់ និងកម្ទេចកម្ទី នៅតែបន្តកកកុញ ហើយផ្លូវជាច្រើននៅតែត្រូវបានបិទ។ មន្ទីរពេទ្យក៏កំពុងជួបការលំបាកជាមួយ នឹងការខ្វះខាតសម្ភារៈវេជ្ជសាស្ត្រជាមូលដ្ឋានផងដែរ។

សហភាពក្រុង នៅតំបន់ហ្គាហ្សា បានព្រមាន កាលពីថ្ងៃអាទិត្យថា ការខ្វះខាតប្រេងឥន្ធនៈ កាន់តែអាក្រក់ទៅៗ កំពុងធ្វើឱ្យសេវាកម្មសំខាន់ៗចុះខ្សោយ ខណៈដែលអាជ្ញាធរអ៊ីស្រាអែល បន្តរារាំងការដឹកជញ្ជូនប្រេងឥន្ធនៈ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោក Alaa al-Din al-Batta អនុប្រធានសហជីពបានថ្លែង នៅក្នុងសន្និសីទសារព័ត៌មាន មួយនៅទីក្រុងខាន់យូនីស ឲ្យដឹងថា អ៊ីស្រាអែល «បន្តរារាំងការចូលប្រេងឥន្ធនៈដែលត្រូវការ ដើម្បីដំណើរការកន្លែងសំខាន់ៗ»។ លោកបានឲ្យដឹងថា ក្រុងនានាបានទទួលប្រេងឥន្ធនៈគ្រប់គ្រាន់សម្រាប់ ការងារត្រឹមតែប្រាំថ្ងៃប៉ុណ្ណោះ ចាប់តាំងពីបទឈប់បាញ់ ដែលរារាំងដល់ការឈូសឆាយផ្លូវ ការដកយកកម្ទេចកម្ទី និងសេវាកម្មសម្រាប់គ្រួសារដែលត្រូវបានផ្លាស់ទីលំនៅ។

លោកបានអំពាវនាវឱ្យមានការដឹកជញ្ជូនជាបន្ទាន់នូវម៉ាស៊ីនភ្លើង ប្រព័ន្ធថាមពលព្រះអាទិត្យ គ្រឿងបន្លាស់ និងឧបករណ៍ធ្ងន់ៗ ដោយលោកមានប្រសាសន៍ថា វិបត្តិនេះកំពុងគំរាមកំហែងដល់ប្រតិបត្តិការមនុស្សធម៌ប្រចាំថ្ងៃ។

មន្ទីរពេទ្យក៏ខ្វះខាតថ្នាំពេទ្យ និងឧបករណ៍ផងដែរ ដែលកំណត់ការព្យាបាលអ្នកជំងឺ និងអ្នករបួស។ លោក Bassam Zaqout នាយកផ្នែកសង្គ្រោះផ្នែកវេជ្ជសាស្ត្រ នៅតំបន់ហ្គាហ្សា បានឲ្យដឹងថា ប្រព័ន្ធសុខាភិបាល នៅតែដំណើរការជាមួយ នឹងធនធានមានកំណត់ដដែល ដែលខ្លួនមានក្នុងអំឡុងសង្គ្រាម ដោយគ្មានការកសាងឡើងវិញនូវកន្លែងខូចខាតនោះទេ។ លោកបានបន្ដថា ការរឹតបន្តឹង របស់អ៊ីស្រាអែល លើគណៈប្រតិភូ ផ្នែកវេជ្ជសាស្ត្រកំពុងធ្វើឱ្យកង្វះខាតបុគ្គលិក ថ្នាំ និងឧបករណ៍មន្ទីរពិសោធន៍ កាន់តែអាក្រក់ទៅៗ។

អាជ្ញាធរសុខាភិបាលបានព្រមានថា ការថែទាំភ្នែកឯកទេសកំពុង ស្ថិតក្នុងហានិភ័យ ដោយសារតែឧបករណ៍វិនិច្ឆ័យ និងវះកាត់ដែលខូចខាត ថ្នាំមានកំណត់ និងការពន្យារពេលយូរសម្រាប់អ្នកជំងឺ ។ ពួកគេបាននិយាយថា អ្នកជំងឺដក់ទឹកក្នុងភ្នែកចំនួន ៤,០០០ នាក់ កំពុងប្រឈម នឹងការបាត់បង់ការមើលឃើញ របស់ពួកគេដោយគ្មាន ការផ្គត់ផ្គង់ជាបន្ទាន់ ៕

To Top