រដ្ឋមន្រ្តីក្រសួងសាធារណការ ណែនាំក្រុមហ៊ុន សាងសង់ ស្ពានឆ្លងកាត់ទន្លេបាសាក់ ត្រូវគិតគូរពីសុវត្ថិភាពជាចម្បង និងពន្លឿន ការសាងសង់
ភ្នំពេញ ៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួង សាធារណការ និងដឹកជញ្ជូន បានណែនាំក្រុមហ៊ុនសាងសង់ ស្ពានឆ្លងកាត់ ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) ត្រូវគិតគូរ ពីសុវត្ថិភាពជាចម្បង និងពន្លឿនការសាងសង់ ដើម្បីអាចបញ្ចប់មុន ផែនការគ្រោងទុក និងប្រកបដោយគុណភាព។

ការណែនាំរបស់ លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នាឱកាសដឹកនាំប្រតិភូក្រសួង និងមន្ត្រីជំនាញបច្ចេកទេស ចុះពិនិត្យការរំកិលធ្នឹមស្ពាន នៅចន្លោះសសរស្ពានទី៥ កាត់ពីលើផ្លូវជាតិលេខ២ នៃគម្រោងសាងសង់ស្ពានឆ្លង កាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥។

គម្រោងសាងសង់ស្ពាន ឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) សម្រេចវឌ្ឍនភាព ៥៣% គិតត្រឹមដំណាច់ ខែវិច្ឆិកា ឆ្នាំ២០២៥។ ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) មានទីតាំងភូមិសាស្ត្រខាងលិច ស្ថិតនៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ និងខាងកើតនៅសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

សូមរំលឹកថា ដើម្បីសុវត្ថិភាពក្នុងអំឡុងពេលនៃការអនុវត្តរំកិលធ្នឹមស្ពានចំណុចខាងលើនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានធ្វើសេចក្តីជូនដំណឹង ដល់សាធារណជន ដែលធ្វើដំណើរឆ្លងកាត់ តាមផ្លូវជាតិលេខ២ ត្រង់ទីតាំងខាងលើ ដោយនឹងបិទចរាចរណ៍រយៈពេលខ្លីៗ ដែលអាចនឹងកកស្ទះ រំខានដល់អ្នកធ្វើដំណើរ ។ ក្នុងអំឡុងពេលនេះ នៅតំបន់ការដ្ឋាន សាងសង់ស្ពានផ្នែកខាងលិច នៅចន្លោះ សសរស្ពានទី៥ កាត់រំលងផ្លូវជាតិលេខ២ (ក្បែរសាលា ACE) នឹងចាប់ផ្តើមអនុវត្តរំកិលធ្នឹមស្ពាន ចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ដល់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ ចាប់ពីវេលាម៉ោង៦ព្រឹក រហូតដល់ម៉ោង៤ រសៀល៕

