ដ្រូនរបស់ប្រទេសអ៊ុយក្រែន បើកការវាយប្រហារ ស្លាប់មនុស្ស២នាក់ នៅក្នុងទឹកដីរុស្សី
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា កាលពីថ្ងៃអាទិត្យម្សិលមិញ ជនស៊ីវិល២នាក់បានស្លាប់ និង២នាក់ផ្សេងទៀត បានរងរបួស បន្ទាប់ពីការវាយប្រហារ ដោយយន្តហោះគ្មានមនុស្ស បើករបស់អ៊ុយក្រែន បានវាយប្រហារតំបន់ព្រំដែន Belgorod របស់ប្រទេសរុស្ស៊ី។
ការិយាល័យកណ្តាលប្រតិបត្តិការ ប្រចាំតំបន់បាននិយាយថា នៅក្នុងភូមិ Beryozovka ក្នុងស្រុក Borisovsky យន្តហោះគ្មានមនុស្សបើក បានវាយប្រហារលើ រថយន្តមួយគ្រឿង បណ្តាលឲ្យបុរស២នាក់ស្លាប់នៅកន្លែងកើតហេតុ។
យន្តហោះគ្មានមនុស្សបើកមួយទៀត បានបំផ្ទុះ នៅក្នុងស្រុក Grayvoron ធ្វើឱ្យបុរសម្នាក់រងរបួស ដែលសម្រាកនៅមន្ទីរពេទ្យ ក្នុងស្ថានភាពធ្ងន់ធ្ងរ ជាមួយនឹងស្នាមរបួសជាច្រើនកន្លែងហើយ ចំណែកស្ត្រីរងគ្រោះរលាកផ្ទៃមុខក៏ត្រូវបានគេបញ្ជូន ទៅមន្ទីរពេទ្យផងដែរ ។
អាជ្ញាធរបានបន្ថែមថា ចុងក្រោយនេះ សាលាក្រុង ចំនួន៥បានស្ថិត នៅក្រោមការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើក ដែលបណ្តាលឱ្យខូចខាតផ្ទះឯកជន យានយន្ត និងអគារខាងក្រៅ។
ក្រសួងការពារជាតិរុស្ស៊ី បាននិយាយនៅមុននេះថា ប្រព័ន្ធការពារដែនអាកាស របស់ខ្លួនបានបាញ់ ទម្លាក់យន្តហោះ គ្មានមនុស្សបើកប្រភេទយន្តហោះចំនួន ២៣០គ្រឿង ក្នុងរយៈពេលមួយថ្ងៃប៉ុណ្ណោះនៅថ្ងៃកើតហេតុនេះ៕
ប្រែសម្រួល៖ស៊ុនលី
