ចំនួនអ្នកស្លាប់ ដោយសារគ្រោះទឹកជំនន់ និងការបាក់ដី នៅក្នុងប្រទេសឥណ្ឌូនេស៊ី កើនឡើងដល់ ៤៤២ នាក់ និងជាង ៤០០នាក់ទៀត កំពុងបាត់ខ្លួន
បរទេស៖ ចំនួនអ្នកស្លាប់ដោយសារគ្រោះទឹកជំនន់ និងការបាក់ដី នៅក្នុងប្រទេសឥណ្ឌូនេស៊ី បានកើនឡើងដល់ ៤៤២ នាក់ នេះបើយោងតាមតួលេខ ដែលចេញផ្សាយ ដោយទីភ្នាក់ងារគ្រោះមហន្តរាយជាតិ ខណៈដែលប្រជាជន អស់សង្ឃឹមក្នុងការស្វែង រកអាហារ និងទឹក។
យោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយកាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឱ្យដឹងថា ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិ (BNPB) កាលពីថ្ងៃអាទិត្យបាននិយាយថា មនុស្សចំនួន ៤០២ នាក់ផ្សេងទៀតកំពុងបាត់ខ្លួននៅឡើយ ខណៈដែលអាជ្ញាធរបានប្រឹងប្រែង ដើម្បីទៅដល់ផ្នែកខ្លះ នៃកោះស៊ូម៉ាត្រាដែលរងគ្រោះខ្លាំងបំផុត ជាកន្លែងដែលមនុស្សរាប់ពាន់នាក់ បានជាប់គាំងដោយគ្មានការផ្គត់ផ្គង់។
យោងតាមទីភ្នាក់ងារបានឱ្យដឹងថា មនុស្សចំនួន ៤០២ នាក់ផ្សេងទៀតកំពុងបាត់ខ្លួននៅក្នុងខេត្តចំនួន ៣ របស់ប្រទេសឥណ្ឌូនេស៊ីគឺ ស៊ូម៉ាត្រាខាងជើង ស៊ូម៉ាត្រាខាងលិច និងអាឆេ។
មនុស្សយ៉ាងហោចណាស់ ៦០០ នាក់បានស្លាប់ នៅទូទាំងអាស៊ីអាគ្នេយ៍ ដោយសារភ្លៀងមូសុងខ្លាំង បានបោកបក់លើប្រទេស ឥណ្ឌូនេស៊ី ថៃ និងម៉ាឡេស៊ី ។ ទឹកជំនន់ក៏បានបង្កឱ្យមានការបាក់ដី ផ្លូវថ្នល់រងការខូចខាត និងបានដាច់ខ្សែបណ្តាញ ទំនាក់ទំនង៕
ប្រែសម្រួលៈ ណៃ តុលា
