ព័ត៌មានជាតិ

ធនាគារ អភិវឌ្ឍន៍អាស៊ី គាំទ្រអនាគត ទីក្រុងរបស់កម្ពុជា ជាមួយការវិនិយោគ ៧៦៣លានដុល្លារ សម្រាប់លើកកម្ពស់ សុវត្ថិភាពទឹក និងភាពធន់

ភ្នំពេញ ៖ ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)បានអនុម័តកម្មវិធីវិនិយោគចំនួន ៧៦៣ លានដុល្លារ ដែលក្នុងនោះរួមមានជំនួយឥតសំណងចំនួន ២០ លានដុល្លារពីមូលនិធិអភិវឌ្ឍន៍អាស៊ី (ADF) ដើម្បីគាំទ្រកម្ពុជា ពង្រីកលទ្ធភាពទទួលបានការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ពង្រឹងសន្តិសុខទឹក និង លើកកម្ពស់ភាពធន់ និងភាពសមស្រប សម្រាប់រស់នៅនៃទីក្រុងរបស់ប្រទេស ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន ADB។

កម្មវិធីវិនិយោគដើម្បីទីក្រុង សមស្របសម្រាប់រស់នៅ ធន់ និង មានសុវត្ថិភាពទឹក នេះ ជាការផ្តល់ហិរញ្ញប្បទាន តាមដំណាក់កាលៗ សំដៅបង្កើនសេវាកម្មទឹកនៅក្នុងទីក្រុងចំនួន ១៤ និងស្រុកចំនួន ១២ នៅតាមតំបន់ទន្លេមេគង្គ ទន្លេសាប និងឆ្នេរសមុទ្រ។ កម្មវិធីនេះនឹងផ្តល់អាទិភាព ដល់ការគ្របដណ្តប់ប្រកបដោយបរិយាបន្ននៃការទទួលបានទឹក និងសេវាទីក្រុង ដែលប្រមាណ ១៥% នៃអ្នកទទួលផលផ្ទាល់ សរុបពីកម្មវិធីគឺជាគ្រួសារក្រីក្រ។

លោកស្រី Yasmin Siddiqi នាយិកា ADB ប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថា «កម្មវិធីវិនិយោគនេះ នឹងជួយកម្ពុជាក្នុងការកសាង សេវាកម្មទីក្រុងដែលធន់ នឹងអាកាសធាតុនិងមានបរិយាបន្ន ដែលមិនត្រឹមតែគាំទ្រ ដល់ភាពសមស្របសម្រាប់រស់នៅប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើនផលិតភាព និង សមត្ថភាពប្រកួតប្រជែងផងដែរ។ តាមរយៈការកែលម្អការផ្គត់ផ្គង់ទឹក អនាម័យ និង សេវាទីក្រុងផ្សេងទៀត យើងមានគោលបំណង នាំមកនូវអត្ថប្រយោជន៍ ដោយផ្ទាល់ដល់ពលរដ្ឋជាង ២ លាននាក់ ដោយធានាថាសូម្បីតែសហគមន៍ ដែលងាយរងគ្រោះបំផុត ក៏មិនត្រូវបានទុកចោលដែរ»។

ខណៈពេលដែលប្រទេសកម្ពុជាមានការ រីកចម្រើនគួរឱ្យកត់សម្គាល់ ជាមួយនឹងការទទួល បានការផ្គត់ផ្គង់ទឹក និងអនាម័យជាមូលដ្ឋាន កើនឡើងដល់ជិត ៨៣% ក្នុងឆ្នាំ ២០២៤ ដោយការផ្គត់ផ្គង់ទឹកកើនឡើងពី ៧៣% និង អនាម័យកើនឡើងពី ៥៤% កាលពីឆ្នាំ ២០១៥ បញ្ហាប្រឈមគន្លឹះមួយចំនួននៅតែមាន។ សេវាកម្មដូចជាប្រព័ន្ធលូទឹកកខ្វក់ លូរំដោះទឹកភ្លៀង និងការគ្រប់គ្រងសំណល់រឹង ទាមទារឱ្យមានការធ្វើឱ្យប្រសើរឡើង ដើម្បីបំពេញតម្រូវការ និង ដើម្បីដោះស្រាយបញ្ហាប្រឈមដែលទាក់ទង នឹងអាកាសធាតុដែលប្រែប្រួលខ្លាំង។

ជាងពាក់កណ្តាលនៃចំនួន ប្រជាពលរដ្ឋកម្ពុជាស្ថិតក្នុងស្ថានភាពអាចប្រឈមនឹងទឹកជំនន់ ហើយបើគ្មានការសម្រប សម្រួលដោយប្រសិទ្ធភាព ដូចជាប្រព័ន្ធលូរំដោះទឹកភ្លៀងនោះទេ ការខាតបង់ប្រចាំឆ្នាំបង្កដោយអាកាសធាតុ អាចឈានដល់ ១០,៦ ពាន់លានដុល្លារនៅឆ្នាំ ២០៥០ ដែលអាចកាត់បន្ថយផលិតផលក្នុងស្រុកសរុបរហូតដល់ ១០% ។ តំបន់ទីក្រុងមានភាពងាយរងគ្រោះជាពិសេស ដោយប្រជាពលរដ្ឋរស់នៅតាមទីក្រុងត្រូវបានរំពឹងថានឹងកើនឡើងប្រមាណ ៤៧,៨% ពី ៤,៦ លាននាក់ក្នុងឆ្នាំ ២០២៤ ដល់ ៦,៨ លាននាក់ (៣៥% នៃចំនួនពលរដ្ឋសរុប) នៅឆ្នាំ ២០៤០។

កម្មវិធីវិនិយោគនេះ ស្របទៅនឹងគោលដៅរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់ ភាពធន់នៃទីក្រុង ការកាត់បន្ថយភាពក្រីក្រ និង ការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ។ វានឹងគាំទ្រការវិនិយោគ ជាអាទិភាព រយៈពេលខ្លី និងវែង ដើម្បីពង្រីកនិងធ្វើឱ្យមាននិរន្តរភាព នូវហេដ្ឋារចនាសម្ព័ន្ធ និងសេវាកម្មទីក្រុងដែលធន់ លើកកម្ពស់សន្តិសុខទឹក និងពង្រឹងសមត្ថភាពស្ថាប័ន និងការផ្តល់សេវា។

បែងចែកជា ៤ កញ្ចប់ហិរញ្ញប្បទាន ជាមួយនឹងចំណាយប៉ាន់ស្មានសរុបចំនួន ៩៦៦ លានដុល្លារ កម្មវិធីវិនិយោគនេះប្រើវិធីសាស្រ្តអនុវត្តជាដំណាក់កាលៗ ដើម្បីឆ្លើយតបទៅនឹងសមត្ថភាពជាក់ស្តែងនៃភ្នាក់ងារប្រតិបត្តិ និង ភ្នាក់ងារអនុវត្ត។ ការនេះធានា នូវភាពបត់បែន ការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព និងការរួមបញ្ចូលមេរៀន និង បទពិសោធន៍ពីមុន ដើម្បីពង្រឹងការ អនុវត្តកម្មវិធីដោយស្ថាប័នពាក់ព័ន្ធ ។ កញ្ចប់នីមួយៗនឹងអនុវត្តបន្តពីមួយទៅមួយ ដើម្បីធានាគុណភាពផលជះ និង និរន្តរភាពរបស់កម្មវិធីទាំងមូល។

ជំនួយឥតសំណងពី ADF មានគោលបំណងជួយដល់ប្រទេសងាយរងគ្រោះបំផុតនៅអាស៊ី និងប៉ាស៊ីហ្វិក។ ពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៤ មូលនិធិនេះបានជួយពលរដ្ឋប្រមាណ ៣៨៥.000 នាក់ឱ្យចេញផុតពីភាពក្រីក្រ និងបង្កើតការងារជាង ៥00,000 ។

សូមបញ្ជាក់ថា ADB គឺជាធនាគារអភិវឌ្ឍន៍ពហុភាគី ឈានមុខគេមួយ ដែលគាំទ្រកំណើនប្រកបដោយបរិយាបន្ន ភាពធន់ និង ចីរភាព នៅទូទាំងអាស៊ី និងប៉ាស៊ីហ្វិក ។ ដោយធ្វើការជាមួយសមាជិក និងដៃគូរបស់ខ្លួន ដើម្បីដោះស្រាយ បញ្ហាប្រឈមស្មុគស្មាញរួមគ្នា ADB ប្រើប្រាស់ឧបករណ៍ហិរញ្ញវត្ថុប្រកបដោយនវានុវត្តន៍ និង ភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីផ្លាស់ប្តូរជីវិត កសាងហេដ្ឋារចនាសម្ព័ន្ធប្រកបដោយគុណភាព និងការពារភពផែនដីរបស់យើង។ បង្កើតឡើងក្នុងឆ្នាំ ១៩៦៦ ADB ត្រូវបានគ្រប់គ្រងដោយសមាជិកចំនួន ៦៩ ក្នុងចំណោម ៥០ ស្ថិតក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក៕

To Top