ព័ត៌មានជាតិ

អ្នកនាំពាក្យ ក្រសួងការងារ​ អំពាវនាវ ដល់អតីតពលករខ្មែរ មកពីថៃ ចូលរៀនជំនាញ ដើម្បីទទួលបានជំនាញ ពិតប្រាកដនិងចំណូលខ្ពស់

ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុន មេសា នៅព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥នេះ បានអំពាវនាវ ដល់បងប្អូនអតីតពលករខ្មែរ ត្រឡប់មកពីប្រទេសថៃ ដែលមិនទាន់មានជំនាញ សូមមករៀនជំនាញក្នុងកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ចំនួន ១,៥លាននាក់ របស់ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដើម្បីមានជំនាញប្រចាំជីវិត ឆ្លើយតបទីផ្សារការងារ និងមានជីវភាពកាន់តែល្អប្រសើរ ក្នុងសម័យបច្ចេកវិទ្យា។

លោកថ្លែងថា៖«បើបងប្អូនមិនទាន់មានជំនាញ ហើយរកចំណូលមិនសូវបាន សូមមករៀនជំនាញ ពេលយើងមានជំនាញចំណូលក៏បានខ្ពស់គួរសម ជីវភាពកាន់តែល្អប្រសើរ ពេលមានជំនាញហើយ បើបងប្អូនមិនចង់ធ្វើការឱ្យគេ ក៏អាចបើកមុខរបរដោយខ្លួនឯង បានដែរ ។ កម្មវិធីបណ្តុះបណ្តាលជំនាញរបស់សម្តេចធិបតី បងប្អូនអាចចូលរៀន ដោយមិនអស់ប្រាក់»។

បើតាម លោក ស៊ុន មេសា ការរៀនជំនាញ គឺជាការលើកកម្ពស់ជីវភាពរស់នៅ ឱ្យបានកាន់តែប្រសើរ និងជាការរួមចំណែករក្សានូវស្ថិរភាពការងារ កំណើនផលិតភាព អភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ។ លោកបញ្ជាក់ថា ដើម្បីទទួលបានចំណូលខ្ពស់ មានតែបងប្អូនអតីតពលករទាំងអស់ចូលសិក្សាជំនាញ ព្រោះសហគ្រាស ក្រុមហ៊ុន រោងចក្រ ធំៗកំពុងបន្តវិនិយោគបន្ថែមកកម្ពុជា និងមានតម្រូវការកម្លាំងពលកម្មជំនាញជាចាំបាច់។

សូមជម្រាបថា ការអំពាវនាវរបស់ អ្នកនាំពាក្យ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ធ្វើឡើងស្របពេល ដែលក្រសួងការងារនៅ តែបន្តរៀបចំពិព័រណ៍ការងារ សន្តិសុខសង្គម និង បណ្តុះបណ្តាលវិជ្ជាជីវៈ គឺនៅថ្ងៃទី៦-៧ ខែធ្នូ ឆ្នាំ២០២៥នេះ ក្រសួងនឹងរៀបចំពិព័រណ៍ការងារ នៅក្នុងខេត្តសៀមរៀបបន្តទៀត បន្ទាប់ពីខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យនាពេលកន្លងទៅ។

គួរបញ្ជាក់ថា កម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស សម្រាប់យុវជនក្រុមគោលដៅមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅទូទាំងប្រទេសចំនួនប្រមាណ១,៥លាននាក់ ក្នុងកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ ត្រូវបានផ្ដួចផ្ដើមឡើងដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឆ្នាំ២០២៣ និងបានប្រកាសដាក់ឱ្យអនុវត្តដោយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣៕

To Top