ព័ត៌មានជាតិ

សច្ចធម៌នៃប្រវត្ដិសាស្ដ្រ ! បើគ្មានថ្ងៃកំណើតរណសិរ្ស ២ធ្នូ និងជ័យជម្នះ ៧មករា ទេនោះ ក៏គ្មានអ្វីៗដូចថ្ងៃនេះដែរ

ភ្នំពេញ៖ ក្នុងសារ អបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៤៧ ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ២ធ្នូ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានិង ជាប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥នេះ បានលើកឡើងថា ប្រជាជនគ្រប់រូបសុទ្ធតែ យល់ច្បាស់ថា បើគ្មានថ្ងៃកំណើតរណសិរ្ស ២ធ្នូ និងជ័យជម្នះ ៧មករា ទេនោះ ក៏គ្មានអ្វីៗដូចថ្ងៃនេះដែរ «នេះគឺជាសច្ចធម៌ នៃប្រវត្ដិសាស្ដ្រ» ។

រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ត្រូវបានកើតឡើងដោយកម្លាំងមហាសាមគ្គីប្រជាជនទាំងមូល ទាំងក្នុងនិងក្រៅប្រទេស ដែលមានសម្តេចអគ្គមហាពញាចក្រី ហេង សំរិន, សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម, សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន និងវីរជនស្នេហាជាតិជាច្រើនរូបទៀត ក្នុងការរៀបចំកម្លាំងផ្ដួលរំលំ របបប្រល័យពូជសាសន៍ ប៉ុល ពត និងទទួលបានជ័យជម្នះលើរបបនេះ នៅថ្ងៃទី៧ មករា ឆ្នាំ១៩៧៩។

រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា បច្ចុប្បន្នត្រូវបានដូរឈ្មោះជា «រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា» ដែលជាអង្គការចាត់តាំងមហាជនមួយឈានមុខ របស់គណបក្សប្រជាជនកម្ពុជា បានបដិសន្ធិឡើងនៅក្នុងតំបន់រំដោះ នាភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នួល ខេត្ដក្រចេះ ។ ឆ្លើយតបទៅនឹងការអំពាវនាវ របស់រណសិរ្ស ប្រជាជនគ្រប់ទិសទី បានក្រោកឈររួបរួមគ្នា ជាកម្លាំងមហាសាមគ្គីជាតិ ដោយបានទទួលការ ជួយឧបត្ថម្ភយ៉ាងធំធេង ពីកងទ័ពស្ម័គ្រចិត្ដ វៀតណាម និងការគាំទ្រពីមិត្ដភក្ដិជិតឆ្ងាយ លើសកលលោក ដើម្បីផ្ដួលរំលំរបបកម្ពុជា ប្រជាធិបតេយ្យ រហូតដល់ទទួលបានជ័យជម្នះ ដ៏ត្រចះត្រចង់នាថ្ងៃ៧ មករា ឆ្នាំ១៩៧៩។

មហាជ័យជម្នះ ៧មករា ១៩៧៩ បានបពា្ចប់នូវសម័យកាលដ៏ខ្មៅងងឹតបំផុត ដែលពុំធ្លាប់មាននៅក្នុងប្រវត្ដិសាស្ដ្រកម្ពុជា បានបើកឡើងនូវសករាជថ្មី ប្រជាជនកម្ពុជា យើងក៏បានទទួល មកវិញនូវសិទ្ធិសេរីភាព និងឱកាសដើម្បីស្ដារ កសាងមាតុភូមិ របស់ខ្លួនឡើងវិញ។ ប្រជាជនគ្រប់រូបសុទ្ធតែ យល់ច្បាស់ថា បើគ្មានថ្ងៃកំណើតរណសិរ្ស ២ធ្នូ និងជ័យជម្នះ ៧មករា ទេនោះ ក៏គ្មានអ្វីៗដូចថ្ងៃនេះដែរ «នេះគឺជាសច្ចធម៌ នៃប្រវត្ដិសាស្ដ្រ៕

To Top