រំលឹកដល់បងប្អូន អតីតពលករខ្មែរ ត្រឡប់មកពីប្រទេសថៃ នៅថ្ងៃទី៦ និងថ្ងៃទី៧ ខែធ្នូ នេះ ក្រសួងការងារ នឹងបើកពិព័រណ៍ ផ្តល់ឱកាសការងារ នៅខេត្តសៀមរាប
ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅស្រុកចំនួន ២ របស់ខេត្តសៀមរាប គឺស្រុកសូទ្រនិគម និងស្រុកពួក ដើម្បីផ្តល់ឱកាសការងារ អត្ថប្រយោជន៍ នៃរបបបេឡាជាតិសន្តិសុខសង្គម(ប.ស.ស.) និងវគ្គបណ្តុះបណ្តាល ជំនាញបច្ចេកទេស និងវិជ្ជាជីវៈដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋ ជាពិសេស អតីតពលករដែលត្រឡប់មកពីប្រទេសថៃ។

អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុន មេសា បានឱ្យដឹងថា ក្នុងពិព័រណ៍នេះ នឹងមានសហគ្រាស ក្រុមហ៊ុន និង រោងចក្រជាច្រើនចូលរួមផ្ដល់ឱកាសការងារជាង ៨ម៉ឺនកន្លែងជាមួយការ សម្ភាសជ្រើសរើសបុគ្គលិកនៅកន្លែងផ្ទាល់។

ក្នុងនោះអ្នកចូលរួមទាំងអស់នឹងទទួលបានព័ត៌មានអំពីឱកាសការងារដ៏សម្បូរបែប វគ្គបណ្តុះបណ្តាលបច្ចេកទេស និងអត្ថប្រយោជន៍របស់បេឡាជាតិសន្តិសុខសង្គមផងដែរ។ បន្ថែមពីនេះ អ្នកចូលរួមនឹងទទួលបាន សេវាកាត់សក់ អាហារ ភេសជ្ជៈ និងអាវយឺតដោយឥតគិតថ្លៃថែមទៀតផង។

ទន្ទឹមនឹងនេះ លោក ស៊ុន មេសា បានអំពាវនាវ ឱ្យអតីតពលករទាំងអស់ ដែលបានត្រឡប់មកពីប្រទេសថៃ ចូលរួមឱ្យបានច្រើនក្នុងពិព័រណ៍នេះ ដើម្បីរកឱកាសការងារថ្មី បង្កើនជំនាញ និងបង្កើនគុណភាពជីវិត។

សូមបញ្ជាក់ផងដែរថា ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងខេត្តចំនួន ២ រួចមកហើយគឺ ខេត្តបាត់ដំបងកាលពីថ្ងៃទី១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ និងខេត្តបន្ទាយមានជ័យ កាលពី ថ្ងៃទី២២-២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ សម្រាប់ខេត្តបន្ទាប់គឺ ខេត្តសៀមរាប ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី៦-៧ ខែធ្នូ ឆ្នាំ២០២៥៕





