ព័ត៌មានអន្តរជាតិ

ប្រទេសស្រីលង្កា ប្រកាសដាក់ប្រទេស ក្នុងភាពអាសន្ន បន្ទាប់ពីព្យុះស៊ីក្លូន Ditwah បានបណ្តាលឱ្យមនុស្ស ស្លាប់យ៉ាងហោចណាស់ ៣៣០ នាក់ និងបាត់ខ្លួន ៣៧០នាក់

បរទេស៖ ប្រទេសស្រីលង្កា បានប្រកាសដាក់ប្រទេស ក្នុងភាពអាសន្នបន្ទាប់ពីព្យុះស៊ីក្លូន Ditwah បានបង្កជាទឹកជំនន់ខ្លាំង និងការបាក់ដីដែលបានឆក់យកជីវិត មនុស្សយ៉ាងហោចណាស់ ៣៣០ នាក់ ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ បានឱ្យដឹងថា មជ្ឈមណ្ឌលគ្រប់គ្រងគ្រោះ មហន្តរាយរបស់ប្រទេស អាស៊ីខាងត្បូងមួយនេះ បាននិយាយកាលពីថ្ងៃអាទិត្យថាមនុស្ស ១០៨.០០០ នាក់ ត្រូវស្នាក់នៅក្នុងជម្រកបណ្តោះអាសន្ន ខណៈដែលជាង ៣៧០ នាក់នៅតែបាត់ខ្លួន។ ស្រីលង្កាបានប៉ាន់ប្រមាណថា ផ្ទះចំនួន ២០.០០០ខ្នង ត្រូវបានបំផ្លាញ ហើយមនុស្សជាង ១៩៦.០០០ នាក់ ត្រូវបានផ្លាស់ទីលំនៅនៅក្នុងអ្វី ដែលជាគ្រោះមហន្តរាយទាក់ទងនឹងអាកាស ធាតុដ៏អាក្រក់បំផុតក្នុង រយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។

យោងតាមរបាយការណ៍បានឱ្យដឹងថា ចំនួនអ្នកស្លាប់ខ្ពស់បំផុត ត្រូវបានគេរាយការណ៍នៅក្នុងតំបន់ Kandy និង Badulla ដែលជាតំបន់ដែលកន្លែងជាច្រើននៅតែមិនអាចចូលទៅដល់បាន។

រដ្ឋាភិបាលស្រីលង្កាបានជំរុញ សហគមន៍អន្តរជាតិ ឲ្យផ្តល់ជំនួយ ដើម្បីជួយដល់អ្នកដែលរងគ្រោះ។ ព្យុះស៊ីក្លូនបានបោកបក់លើឆ្នេរ សមុទ្រភាគខាងកើត របស់ប្រទេសកាលពីថ្ងៃសុក្រ ហើយចាប់តាំងពីពេលនោះ មកបានផ្លាស់ទីឆ្ងាយពីកោះនេះ៕

To Top