ព័ត៌មានជាតិ

អ្នកស្រី យឿម ស្រីយ៉ា អតីតពលករមកពីថៃ ប្រាប់ពីបទពិសោធទទួលបានការងារធ្វើ តាមរយៈក្រសួងការងារ

ភ្នំពេញ៖ អតីតពលករត្រឡប់មកពីថៃ អ្នកស្រី យឿម ស្រីយ៉ា បានចែករំលែកអំពីបទពិសោធដែលខ្លួនទទួលបានការងារធ្វើ តាមរយៈក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដោយអ្នកស្រីលើកឡើងថា ការងារនៅក្នុងស្រុកមិនខ្វះឡើយ។

អ្នកស្រី យឿម ស្រីយ៉ា ប្រាប់នៅថ្ងៃទី២ ខែធ្នូនេះថា អ្នកស្រី មានស្រុកកំណើតនៅខេត្តបាត់ដំបង ហើយ ធ្លាប់ទៅធ្វើការនៅប្រទេសថៃប្រមាណ ១២ឆ្នាំមកហើយ ដោយមួយឆ្នាំមកលេងផ្ទះម្ដង។ បន្ទាប់ពីមានបញ្ហាព្រំដែនជាមួយប្រទេសថៃ, អ្នកស្រី បានត្រឡប់មកដល់ប្រទេសកម្ពុជាវិញ នៅខែសីហា ឆ្នាំ២០២៥ ហើយបច្ចុប្បន្នស្រីកំពុងធ្វើការងារនៅក្នុងរោងចក្រមួយកន្លែង នៅខេត្តកំពង់ឆ្នាំង។

អ្នកស្រី បានទទួលការងារនេះ តាមរយៈក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ អ្នកស្រី យឿម ស្រីយ៉ា ប្រាប់បែបនេះថា «ដំបូងខ្ញុំទាក់ទងទៅ ១២៩៧ ហើយមានបងខាងក្រសួងការងារ ទាក់ទងមកប្រាប់ថា រោងចក្រនេះ មានគេកំពុងតែរើស គាត់នាំចូល គាត់ឱ្យខ្ញុំមកជួបនៅភ្នំពេញ ហើយគាត់ដឹកពីភ្នំពេញ មកសម្ភាសន៍ការងារ រួចគាត់ជួយរកបន្ទប់ជួល»។

អ្នកស្រី បានលើកឡើងអំពីអត្ថប្រយោជន៍ដែលធ្វើការនៅក្នុងស្រុក ដែលមានដូចជាមានបណ្ណ ប.ស.ស. ដែលអាចទៅព្យាបាលជំងឺដោយឥតគិតថ្លៃ មិនបាច់ធ្វើដំណើរទៅឆ្ងាយពីប្រទេសកំណើត មិនចាំបាច់ធ្វើប៉ាស្ព័រ មិនចាំបាច់ធ្វើបណ្ណអនុញ្ញាតការងារ និងមានសុវត្ថិភាព ជាដើម។

ជាមួយគ្នានេះ អ្នកស្រី យឿម ស្រីយ៉ា ក៏បានអំពាវនាវដល់បងប្អូនពលករផ្សេងទៀត សូមស្វែងរកការងារនៅក្នុងស្រុក ខណៈមានការងារជាច្រើនកំពុងរង់ចាំ។

អ្នកស្រី និយាយបែបនេះថា «ខ្ញុំចង់ប្រាប់ឱ្យបងប្អូនពលករយើងដែលនៅស្រុកគេ ចង់ឱ្យគាត់ត្រឡប់មកស្រុកយើងវិញ ពីដើមមកខ្ញុំក៏ធ្លាប់គិតដែរថា ស្រុកយើងអត់មានការងារ តែតាមពិតការងារច្រើនណាស់បង ប្រាក់ខែមិនតិចប៉ុន្មានដែរ មួយខែ ៣០០ដុល្លារ បើគុណជាលុយបាតទៅប្រហែលជា ១២ ០០០ ដែរ អញ្ចឹងវាអត់ខុសគ្នាប៉ុន្មានទេ»។

សូមជម្រាបថា គិតត្រឹមចុងខែវិច្ឆិកា ឆ្នាំ២០២៥នេះ បងប្អូនអតីតពលករត្រឡប់មកពីថៃប្រមាណជិត ២៩ម៉ឺននាក់ បានទទួលការងារធ្វើសម្រាប់ការងារនៅក្នុងប្រព័ន្ធ។ ដោយឡែក បងប្អូនអតីតពលកររាប់ម៉ឺននាក់ផ្សេងទៀត បានទទួលការងារធ្វើនៅតាមសិប្បកម្ម ការដ្ឋានសំណង់ និងកសិដ្ឋានជាដើម ដែលជាការងារស្ថិតនៅក្រៅប្រព័ន្ធ។

កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានផ្សព្វផ្សាយឱ្យដឹងថា ឱកាសការងារចំនួន ៨៦ ៨៩១កន្លែងទៀត នៅទូទាំងរាជធានី-ខេត្តទាំង២៥ កំពុងរង់ចាំបងប្អូនប្រជាពលរដ្ឋដែលកំពុងស្វែងរកការងារធ្វើ ជាពិសេសបងប្អូនអតីតពលករ ដែលវិលត្រឡប់មកពីប្រទេសថៃ។

ដើម្បីទទួលបានឱកាសការងារទាំងជាង ៨ម៉ឺនកន្លែងនោះ បងប្អូនអតីតពលករ ក៏ដូចជាអ្នកកំពុងស្វែងរកការងារធ្វើ សូមទាក់ទងទៅលេខទូរសព្ទ ១២៩៧ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ លេខនេះ បងប្អូនក៏អាចសាកសួរព័ត៌មានអំពីចុះឈ្មោះ ចូលរៀនជំនាញបច្ចេកទេសវិជ្ជាជីវៈល្អៗ ផងដែរ៕

To Top