ព័ត៌មានជាតិ

សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ បច្ចុប្បន្នតាមស្ថាប័នរដ្ឋ និងឯកជន មានជនពិការភាព ធ្វើការងារជាង ១ម៉ឺននាក់

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សា សកម្មភាពជនពិការ បានឲ្យដឹងថា ទាំងក្រសួង ស្ថាប័នសាធារណៈ និងវិស័យឯកជន បានទទួលយកជនមានពិការភាព ចំនួន១៤ ៤០៧នាក់ ឱ្យបម្រើការងារ ដោយទទួលបានប្រាក់ចំណូល និងអត្ថប្រយោជន៍សង្គម ទៅតាមមុខតំណែង តួនាទី និងការងារ។

យោងសារលិខិត របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសទិវាជនមានពិការភាពកម្ពុជាលើកទី២៧ និងអន្តរជាតិ លើកទី៤៣ ក្រោមប្រធានបទ «បរិយាបន្នពិការភាពលើគ្រប់វិស័យដើម្បីលើកកម្ពស់វឌ្ឍនភាពសង្គម» ថ្ងៃទី ៣ ខែធ្នូ ឆ្នាំ ២០២៥ សម្ដេចធិបតី បានលើកឡើងថា គិតត្រឹមខែតុលា ឆ្នាំ២០២៥នេះ មានក្រសួង ស្ថាប័នចំនួន៤០ បានទទួលយក ជនមានពិការភាពចូលបម្រើការងារសរុបចំនួន៧ ៥០២នាក់ ក្នុងនោះ ស្ត្រីមានពិការភាពចំនួន១ ០៣៥នាក់ ជនមានពិការភាពកម្រិតធ្ងន់ចំនួន៣ ០៣៥នាក់ បើគិតជាភាគរយគឺស្មើនឹង២,៤៨%។

ដោយឡែក វិស័យឯកជន រួមមាន ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សណ្ឋាគារ រោងចក្រ និងក្រុមហ៊ុននានា បានចុះបញ្ជីកា និងទទួលបានវិញ្ញាបនបត្រ លើការអនុវត្តច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ ទូទាំងប្រទេសមានសរុបចំនួន៤៦៦ និង បានទទួលយកជនមានពិការ ភាពចូលបម្រើការងារសរុបចំនួន៦ ៩០៥នាក់ ក្នុងនោះស្ត្រីមានពិការភាពចំនួន ៤ ៥២៧នាក់។

សម្ដេចធិបតី បានគូសបញ្ជាក់ថា «ហេតុនេះសរុបទាំង ក្រសួង ស្ថាប័នសាធារណៈ និងវិស័យឯកជននៅទូទាំង ប្រទេសបានទទួល យកជនមានពិការភាពតាមអត្រាកំណត់ នៃច្បាប់សរុបចំនួន១៤ ៤០៧នាក់ ឱ្យបម្រើការងារដោយទទួលបាន ប្រាក់ចំណូលនិងអត្ថប្រយោជន៍សង្គម ទៅតាមមុខតំណែង តួនាទី និងការងារ ស្របតាមសមត្ថភាព និងទេពកោសល្យរៀងៗខ្លួន»។

សូមរំលឹកថា គិតមកដល់ឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បាននិងកំពុងដំណើរការអនុវត្តកម្មវិធីកំណត់អត្តសញ្ញាណកម្មពិការភាពតាមគំរូសង្គម និងសិទ្ធិជាមូលដ្ឋាន ដែលបច្ចុប្បន្នជនមានពិការភាពចំនួន៣៥៥ ២៨០នាក់ ក្នុងនោះ ស្ត្រី ចំនួន១៧៤ ០១៣នាក់ ត្រូវបានកំណត់អត្តសញ្ញាណ តាមរយៈជនបង្គោលនៅឃុំ សង្កាត់ទូទាំងប្រទេស ហើយបានផ្តល់បណ្ណសម្គាល់ ជនមានពិការភាព បានចំនួន២៨៩ ៥៤៣បណ្ណ ក្នុងនោះស្ត្រីចំនួន ១៤១ ០៨៥នាក់៕

To Top