សំដីរបស់ រដ្ឋមន្រ្តីការបរទេសថៃ គឺគ្មានការពិត ចំពោះការចោទថា កម្ពុជាដាក់មីនថ្មី
ភ្នំពេញ ៖ កម្ពុជាបានច្រានចោលទៅ នឹងការចោទប្រកាន់ របស់រដ្ឋមន្ត្រីការបរទេសថៃ អំពីបញ្ហាមីននៅតំបន់ព្រំដែនដែលថា កម្ពុជាបានមីនថ្មី ។
ការចេញមកឆ្លើយតបនេះ បន្ទាប់ពីសារព័ត៌មានរបស់ Nikkei Asiaចេញផ្សាយកាលពីថ្ងៃ១ ធ្នូថា កម្ពុជាបានដាក់មីនថ្មី នៅតាមបណ្តោយព្រំដែន និងទាមទារឱ្យប្រើប្រាស់វិធានការក្រោមមាត្រា៨ នៃអនុសញ្ញាហាមប្រាមការ ប្រើប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា)។ ការចោទប្រកាន់នេះ គឺគ្មានមូលដ្ឋាន ធ្វើដោយឯកតោភាគី និងផ្ទុយពីការពិត ។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ អាជ្ញាធរមីន នៅថ្ងៃទី៣ ធ្នូ បានឱ្យដឹងថា កម្ពុជាមិនមានប្រើប្រាស់មីន ប្រឆាំងមនុស្សចាប់តាំងពីបានចូលជារដ្ឋភាគី នៃអនុសញ្ញាអូតាវ៉ា។ រយៈពេលជាង៣០ឆ្នាំកន្លងមកនេះ កម្ពុជាមិនមានប្រើប្រាស់មីន ហើយកងកម្លាំងយោធារបស់កម្ពុជា បានអនុវត្តយ៉ាងម៉ឺងម៉ាត់តាមបទបញ្ជារាជរដ្ឋាភិបាល និងកាតព្វកិច្ចអន្តរជាតិ ។ កម្ពុជា មិនមានបទបញ្ជា ឬការអនុញ្ញាតណាដែលអនុញ្ញាតឱ្យប្រើប្រាស់មីន ហើយកម្ពុជាបានប្រកាន់ខ្ជាប់ នូវគោលការណ៍តម្លាភាព និងកិច្ចសហប្រតិបត្តិការ និងបានបង្កើនកិច្ចខិតខំប្រឹងប្រែង ក្នុងសកម្មភាពកំចាត់មីនដែលជាសក្ខីភាពនៃការប្តេជ្ញាចិត្ត ចំពោះអនុសញ្ញាអូតាវ៉ា ។
សេចក្តីប្រកាសបញ្ជាក់ថា ផ្ទៃដីមានមីននៅតាមតំបន់ព្រំដែន គឺជាកេរ្តិ៍ដំណែលបន្សល់ទុកពីសង្គ្រាមរវាងតួអង្គជាច្រើន ពីទសវត្សរ៍ឆ្នាំ១៩៧០ ដល់១៩៩០ ប៉ុន្តែថៃតែងតែធ្វើសកម្មភាពបោសសម្អាតមីន និងសកម្មភាពផ្សេងៗ ដោយឯកតោភាគីនៅតាមបណ្តោយព្រំដែន ដោយគ្មានការសម្របសម្រួល គ្មានតម្លាភាព ហើយមិនគោរពតាមយន្តការ ដែលមានស្រាប់ ។ ទង្វើបែបនេះ ប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់កិច្ចខិតខំប្រឹងប្រែងរួមគ្នា និងផ្ទុយទៅ នឹងស្មារតីមនុស្សធម៌ និងសហប្រតិបត្តិការ របស់អនុសញ្ញាអូតាវ៉ា ។ សកម្មភាពមីនមនុស្សធម៌ ត្រូវតែអនុវត្តប្រកបដោយវិជ្ជាជីវៈ អព្យាក្រឹតភាព និងការគោរពគ្នាទៅវិញទៅមក មិនមែនជា សកម្មភាពឯកតោភាគី ឬដើម្បីបម្រើគោលបំណង នយោបាយឡើយ៕



