ព័ត៌មានជាតិ

អ្នកនាំពាក្យក្រសួងការងារ បន្តអំពាវនាវយ៉ាងទទូច ឱ្យពលរដ្ឋនៅតាមបន្ទាត់ព្រំដែន ពិចារណាការងារនៅក្នុងស្រុក ខណៈឱកាសការងារនៅកម្ពុជា មានរាប់ម៉ឺនកន្លែង

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអំពាវនាវយ៉ាង ទទូចដល់បងប្អូនប្រជាពលរដ្ឋ ដែលនៅតាមបណ្តោយបន្ទាត់ព្រំដែន កុំឆ្លងដែនដោយខុសច្បាប់ ទៅប្រទេសថៃ ហើយគួរតែស្វែងរកឱកាស ការងារនៅក្នុងស្រុកដែលមានជាង ៨ម៉ឺនកន្លែង កំពុងរង់ចាំបងប្អូន។

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មានប្រសាសន៍នៅថ្ងៃទី៣ ខែធ្នូ នេះថាបងប្អូនប្រជាពលរដ្ឋ មិនគួរឆ្លងដែនដោយខុសច្បាប់ ដើម្បីស្វែងរកការងារធ្វើនៅប្រទេសថៃនោះទេ ពួកគាត់គួរតែស្វែងរកឱកាសការងារក្នុងស្រុកវិញ ដែលមិនត្រឹមតែមានប្រាក់ឈ្នួលសមរម្យនោះទេ ថែមទាំមានការការពារ ពីរបបសន្តិសុខសង្គមផងដែរ។

អ្នកនាំពាក្យរូបនេះ លើកឡើងថា ៖ «ខ្ញុំសូមអំពាវនាវដោយទទូច សូមបងប្អូនប្រជាពលរដ្ឋកុំឆ្លងដែន ដោយខុសច្បាប់ទៅប្រទេសថៃ ដែលអាចប្រឈមនឹងបញ្ហានានា នាំឱ្យខាតពេល និងថវិកា ហើយគួរតែស្វែងរកការងារ ក្នុងស្រុកវិញល្អជាង ព្រោះបច្ចុប្បន្ននេះ នៅកម្ពុជាមានឱកាសការងារដ៏ច្រើនសម្បូរបែប មានការលក្ខខណ្ឌការងារល្អប្រសើរ និង ទទួលបានប្រាក់ឈ្នួលសមរម្យ រួមទាំងអត្ថប្រយោជន៍បេឡាជាតិ សន្តិសុខសង្គមផ្សេងៗ ទៀតផងដែរ ខណៈដែលការចំណាយប្រចាំថ្ងៃ តិចជាងនៅប្រទេសថៃ ដែលជួយយ៉ាងច្រើន លើការសន្សំសំចៃ របស់បងប្អូនប្រជាពលរដ្ឋ»។

បន្ថែមពីនេះ លោកបានរំលឹកផងដែរថានៅថ្ងៃទី៦ និងថ្ងៃទី៧ ខែធ្នូ ខាងមុខនេះក្រសួងការងារនឹងរៀបចំពិព័រណ៌ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅស្រុកចំនួនពីរក្នុងខេត្តសៀមរាប ដូចជាស្រុកសូទ្រនិគម និងស្រុកពួក ដើម្បីផ្តល់ឱកាសការងារដល់ពលរដ្ឋខ្មែរ ជាពិសេសបងប្អូនអតីតពលករ ដែលត្រឡប់មកពីប្រទេសថៃ ឱ្យបានការងារធ្វើគ្រប់ៗគ្នា។

ជាមួយគ្នានេះ លោក ស៊ុន មេសា អំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសអតីតពលករខ្មែរ ដែលត្រឡប់មកពីប្រទេសថៃ ដែលមានបំណងចង់ស្វែងរកការងារធ្វើ សូមទាក់ទងទៅកាន់លេខ ១២៩៧ ដែលមន្ត្រីក្រសួងរងចាំទទួលទូរសព្ទបងប្អូន ៧ថ្ងៃ ក្នុងមួយសប្តាហ៍ ដែលក្នុងនោះបងប្អូនក៏មាន ឱកាសទទួលបាន នូវការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដោយឥតគិតថ្លៃផងដែរ៕

To Top