ព័ត៌មានជាតិ

អាជ្ញាធរមីនកម្ពុជា ៖ ការប្រើប្រាស់គ្រាប់បែកចង្កោម ជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ ចំពោះគោលការណ៍ច្បាប់ មនុស្សធម៌អន្តរជាតិ

ភ្នំពេញ ៖ លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានថ្លែងបញ្ជាក់ប្រាប់ លោកស្រី Pamela Moraga នាយកអង្គភាពគាំទ្រ ការអនុវត្តអនុសញ្ញា ស្តីពីគ្រាប់បែកចង្កោម ក្នុងជំនួបទ្វេភាគីនៅទីក្រុងហ្សឺណែវ ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ ថា ទោះបីប្រទេសនោះ មិនមែនជារដ្ឋភាគី នៃអនុសញ្ញាស្តីពីគ្រាប់បែកចង្កោម ការប្រើប្រាស់គ្រាប់បែកចង្កោម ជាពិសេសលើប្រជាជនស៊ីវិល គឺជាការរំលោភបំពានយ៉ាង ធ្ងន់ធ្ងរចំពោះច្បាប់អន្តរជាតិ គោលការណ៍មនុស្សធម៌ និងត្រូវតែធ្វើសេចក្តីថ្កោលទោសស។

លោកទេសរដ្ឋមន្រ្តី លី ធុជ បញ្ជាក់ទៀតថា ការប្រើប្រាស់គ្រាប់បែកចង្កោមរបស់យោធាថៃ អំឡុងជម្លោះប្រដាប់អាវុធកម្ពុជា-ថៃ កាលពីខែកក្កដា ឆ្នាំ២០២៥ កន្លងទៅនេះ បានបង្កផលប៉ះពាល់រយៈពេលយូរ និងបង្កគ្រោះថ្នាក់ចំពោះប្រជាជន ជាពិសេសក្មេងតូច។

លោកទេសរដ្ឋមន្រ្តី បន្តទៀតថា ទោះជាស្ថានការណ៍បានធូរស្រាល ការភ័យក្លាយ របស់ប្រជាជននៅតែបន្តមាន ដោយសារសំណល់ជាតិផ្ទុះ ពីសង្គ្រាមដែលនៅពាសពេញដី និង ស្រែចម្ការ ពិសេសគ្រាប់បែកចង្កោម ដែលជាក់ស្តែងថ្មីៗនេះ មានប្រជាជនវ័យក្មេងកម្ពុជាម្នាក់ ទទួលរងគ្រោះបាត់បង់ជីវិត ដោយសារគ្រាប់ចង្កោម ដែលបន្សល់ទុកដោយការវាយប្រហារនេះ។

ក្នុងស្មារតីនៃអនុសញ្ញានេះ តាងនាមឱ្យរាជរដ្ឋាភិបាលកម្ពុជា និងប្រជាជនរងគ្រោះ លោកទេសរដ្ឋមន្រ្តី បានទាមទារឱ្យអនុសញ្ញាស្តីពីគ្រាប់បែកចង្កោម ធ្វើការថ្កោលទោសឱ្យបានខ្លាំងក្លាចំពោះអ្នកប្រើប្រាស់គ្រាប់បែកចង្កោម និងឱ្យទទួលខុសត្រូវចំពោះផលប៉ះពាល់អវិជ្ជមានយូរអង្វែង ជាពិសេសការបង្កគ្រោះថ្នាក់ដល់ប្រជាជនស៊ីវិល៕

To Top