ក្រសួងកសិកម្ម កំពុងជំរុញការតភ្ជាប់ទីផ្សារអង្ករថ្មីពីកម្ពុជា ទៅកាន់ហ្វីលីពីន
ភ្នំពេញ ៖ នាថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ តាមរយៈកិច្ចសហប្រតិបត្តិការយ៉ាង ជិតស្និតនិងក្រោមការសម្របសម្រួល ដោយផ្ទាល់ពីសំណាក់ក្រសួងកសិកម្មកម្ពុជា និងហ្វីលីពីន លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុនហ្វីលីពីន ដឹកនាំដោយលោក Joseph Rudolf Lo ប្រធាននិងជានាយក ប្រតិបត្តិក្រុមហ៊ុន Food Terminal Incorporated ក្នុងគោលបំណងពិនិត្យលទ្ធភាព នៃការបញ្ជាទិញអង្ករ ដោយផ្ទាល់ពីកម្ពុជា ដើម្បីផ្គត់ផ្គង់ ដល់ទីផ្សារប្រទេសហ្វីលីពីន ដែលជាការបើកច្រកទីផ្សារ ស្រូវបន្ថែមទៀតជូន ដល់បងប្អូនកសិករកម្ពុជា។

ដើម្បីធ្វើឱ្យកិច្ចការនេះកាន់តែ មានប្រសិទ្ធភាព ក្រសួងកសិកម្ម បានសម្របសម្រួល ឱ្យមានជំនួប ដោយផ្ទាល់រវាង គណៈប្រតិភូ ក្រុមហ៊ុនហ្វីលីពីន និងសហព័ន្ធស្រូវអង្ករកម្ពុជា ដើម្បីចរចាលម្អិតអំពីលទ្ធភាព នៃការនាំចេញ និងជំរុញឱ្យការបញ្ជាទិញនេះអាចកើតឡើង ក្នុងពេលឆាប់ៗ។
ការតភ្ជាប់ទំនាក់ទំនងកសិពាណិជ្ជកម្មថ្មីនេះ នឹងផ្តល់ផលប្រយោជន៍ទៅវិញទៅមក សម្រាប់ប្រទេសទាំងពីរ។ ភាគីហ្វីលីពីន នឹងទទួលបានប្រភពផ្គត់ផ្គង់អង្ករដែលមានគុណភាពខ្ពស់ ខណៈដែលកម្ពុជានឹង ទទួលបានទីផ្សារអន្តរជាតិ ថ្មីមួយទៀត។

ការបើកទីផ្សារអង្ករថ្មីនេះ ក៏នឹងជួយឱ្យរោងម៉ាស៊ីនកិនស្រូវ ដៃគូរបស់ក្រសួងកសិកម្មមានលទ្ធភាព ក្នុងការប្រមូលទិញស្រូវ ពីបងប្អូនប្រជាកសិកររ បស់យើងបានកាន់តែច្រើន និងទូលំទូលាយជាងមុន៕
