សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរខួប១ឆ្នាំ ក្រមាខ្មែរ ត្រូវបានបញ្ចូលជាបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ របស់អង្គការយូណេស្កូ
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃកម្ពុជា នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥នេះ បានផ្ញើសារអបអរសាទរ ខួប១ឆ្នាំ ក្រមាខ្មែរ ត្រូវបានបញ្ចូលជាបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូ ។
ថ្ងៃនេះ គឺជាខួបគម្រប់ ១ឆ្នាំ(០៤ ធ្នូ ២០២៤ -០៤ ធ្នូ ២០២៥) ដែល “ក្រមាខ្មែរ” ត្រូវបានអង្គការយូណេស្កូ (UNESCO) ប្រកាសជាផ្លូវការដាក់បញ្ចូលទៅក្នុង បញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ (Intangible Cultural Heritage of Humanity)។
ការចុះបញ្ជីជាប្រវត្តិសាស្ត្រនេះ បានធ្វើឡើង នៅក្នុងសម័យប្រជុំលើកទី១៩ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាល នៃអនុសញ្ញាឆ្នាំ២០០៣ របស់អង្គការយូណេស្កូ ស្តីពី “ការការពារបេតិកភណ្ឌវប្បធម៌អរូបី” នាទីក្រុងអាសង់ស្យុង (Asunción) សាធារណរដ្ឋប៉ារ៉ាហ្គាយ កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤។
ក្រមាខ្មែរ មិនត្រឹមតែជាកន្សែង សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ របស់ប្រជាជនខ្មែរតាំងពីបុរាណកាល រហូតដល់បច្ចុប្បន្នប៉ុណ្ណោះទេ តែថែមទាំងជា និមិត្តរូបនៃវប្បធម៌ និងអត្តសញ្ញាណជាតិ ដ៏រឹងមាំរបស់កម្ពុជា។ វាមានវត្តមានស្ទើរគ្រប់កាលៈទេសៈ ទាំងការងារប្រចាំថ្ងៃ នៅតាមជនបទ ពិធីបុណ្យជាតិ សាសនា រហូតដល់ជាចំណងដៃដ៏មានតម្លៃ។
ប្រជាជនកម្ពុជាគ្រប់រូប មានកាតព្វកិច្ចរួម ក្នុងការបន្តថែរក្សា ការពារ និងលើកតម្កើងគុណតម្លៃនៃសិល្បៈតម្បាញ និងការប្រើប្រាស់ក្រមាខ្មែរនេះ ទុកជាកេរមរតកសម្រាប់ មនុស្សជាតិជំនាន់ក្រោយតរៀងទៅ ៕
