ព័ត៌មានអន្តរជាតិ

ចិន ជំរុញឱ្យសហរដ្ឋអាមេរិក បញ្ឈប់ការផ្លាស់ប្តូរ ផ្លូវការជាមួយតៃវ៉ាន់

ប៉េកាំង៖ ប្រទេសចិន ប្រឆាំងយ៉ាងដាច់អហង្ការចំពោះទម្រង់នៃការផ្លាស់ប្តូរផ្លូវការ ណាមួយរវាងសហរដ្ឋអាមេរិក និងតំបន់តៃវ៉ាន់របស់ប្រទេសចិន ហើយបានជំរុញឱ្យសហរដ្ឋអាមេរិក បញ្ឈប់ការផ្លាស់ប្តូរផ្លូវការជាមួយតៃវ៉ាន់ និងចៀសវាងការបញ្ជូនសញ្ញា ខុសណាមួយទៅកាន់កងកម្លាំងបំបែកខ្លួន “ឯករាជ្យតៃវ៉ាន់” នេះបើយោងតាមអ្នកនាំពាក្យ ក្រសួងការបរទេសចិនធ។

មានរបាយការណ៍ថា ប្រធានាធិបតី សហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើច្បាប់ មួយដែលអំពាវនាវឱ្យក្រសួងការបរទេស ពិនិត្យឡើងវិញជាប្រចាំ នូវអន្តរកម្មរវាងសហរដ្ឋអាមេរិក និងតៃវ៉ាន់ និងស្វែងរកមធ្យោបាយ ដើម្បីធ្វើឱ្យអន្តរកម្មជាមួយតៃវ៉ាន់ កាន់តែស៊ីជម្រៅ។

ជាការឆ្លើយតប អ្នកនាំពាក្យក្រសួងការបរទេសចិនលោក លីន ជៀន បានប្រាប់សន្និសីទសារព័ត៌មានជាប្រចាំថា ប្រទេសចិន ប្រឆាំងយ៉ាងដាច់អហង្ការចំពោះទម្រង់នៃការផ្លាស់ប្តូរផ្លូវការ ណាមួយរវាងសហរដ្ឋអាមេរិក និងតំបន់តៃវ៉ាន់ របស់ប្រទេសចិន ហើយជំហរនេះគឺស្រប និងច្បាស់លាស់។ បញ្ហាតៃវ៉ាន់ គឺជាស្នូលនៃផល ប្រយោជន៍ស្នូល របស់ប្រទេសចិន ហើយជាខ្សែក្រហមដំបូង ដែលមិនអាចឆ្លងកាត់ បាននៅក្នុងទំនាក់ទំនង ចិន-សហរដ្ឋអាមេរិក។

លោកបានលើកឡើងថា គោលការណ៍ចិនតែមួយគឺជាមូលដ្ឋានគ្រឹះនយោបាយនៃទំនាក់ទំនងទ្វេភាគី ចិន-សហរដ្ឋអាមេរិក ហើយរដ្ឋាភិបាលសហរដ្ឋអាមេរិក បានធ្វើការប្តេជ្ញាចិត្តយ៉ាងច្បាស់លាស់នៅក្នុងសេចក្តីថ្លែងការណ៍រួមស្តីពីការបង្កើតទំនាក់ទំនងការទូតថា “សហរដ្ឋអាមេរិក ទទួលស្គាល់រដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន ជារដ្ឋាភិបាលស្របច្បាប់តែមួយគត់របស់ប្រទេសចិន។ នៅក្នុងបរិបទនេះ ប្រជាជន សហរដ្ឋអាមេរិក នឹងរក្សាទំនាក់ទំនងវប្បធម៌ ពាណិជ្ជកម្ម និងក្រៅផ្លូវការផ្សេងទៀត ជាមួយប្រជាជនតៃវ៉ាន់”។

លោកបានបន្ដថា ប្រទេសចិនបានជំរុញ ឱ្យភាគីសហរដ្ឋអាមេរិក គោរពយ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍ចិនតែមួយ និងសេចក្តីថ្លែងការណ៍រួមទាំងបីរវាងចិន-សហរដ្ឋអាមេរិក ដោះស្រាយបញ្ហាតៃវ៉ាន់ ដោយប្រុងប្រយ័ត្នបំផុត បញ្ឈប់ការផ្លាស់ប្តូរជា ផ្លូវការជាមួយតៃវ៉ាន់ និងបញ្ឈប់ការបញ្ជូនសញ្ញា ខុសណាមួយទៅកាន់កងកម្លាំងបំបែកខ្លួន “ឯករាជ្យតៃវ៉ាន់”៕
ប្រែសម្រួល ឈូក បូរ៉ា

To Top