គោលនយោបាយជាតិ សម្រាប់អភិវឌ្ឍជនបទ រយៈពេល១០ឆ្នាំ ត្រូវបានដាក់ចេញ
ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ របស់សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានដាក់ចេញគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍជនបទ ឆ្នាំ២០២៥-២០៣៥ ។
ប្រទេសកម្ពុជា ទទួលបានសន្តិភាពពេញលេញ ក្រោមការដឹកនាំដ៏ត្រឹមត្រូវ របស់សម្តេចតេជោ ហ៊ុន សែន ជាមគ្គទេសក៍ឯកនិងប្រតិបត្តិករនយោបាយឈ្នះ ឈ្នះ ដែលសម្រេចបាន សុខសន្តិភាព ឯកភាពជាតិពេញលេញ និងការអភិវឌ្ឍគ្រប់វិស័យ ។
ដោយបានប្រែក្លាយពីប្រទេសក្រីក្របំផុត មកជាប្រទេសមានចំណូល មធ្យមកម្រិតទាបក្នុងឆ្នាំ២០១៥ និងបានធ្វើសមាហរណកម្មចូល ទៅក្នុងតំបន់និងអន្តរជាតិ ព្រមទាំងបានធ្វើឱ្យកិត្យានុភាពកម្ពុជា លេចឡើងខ្ពស់ត្រដែតលើឆាកអន្តរជាតិគួរជាទីមោទនៈ។
ជាមួយនឹងសមិទ្ធផលនេះ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាបានបន្តយកចិត្តទុកដាក់ថែរក្សា សមិទ្ធផលជាប្រវត្តិសាស្ត្រ ដែលបានកសាងឡើង ដោយរាជរដ្ឋាភិបាលនីតិកាលកន្លងមក ។ រាជរដ្ឋាភិបាលកំពុងបន្ត ខិតខំអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ដោយបានដាក់ចេញកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ក្រោមបាវចនា ៖ កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយកំណត់អាទិភាពគន្លឹះចំនួន៥ គឺមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា(ឌីជីថល) ដើម្បីឆ្ពោះទៅសម្រេចបានចក្ខុវិស័យ «កម្ពុជាក្លាយជាប្រទេសមានប្រាក់ ចំណូលខ្ពស់ក្នុងឆ្នាំ២០៥០»។
ដើម្បីរួមចំណែកក្នុងការសម្រេច បានចក្ខុវិស័យនេះ រាជរដ្ឋាភិបាលចាំបាច់ត្រូវរៀបចំ «គោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍជនបទ ឆ្នាំ២០២៥-២០៣៥» ដោយកំណត់ចក្ខុវិស័យ «កសាងសង្គមជនបទកម្ពុជា ឱ្យមានវិបុលភាពប្រកបដោយបរិយាបន្ន សមធម៌ និងចីរភាព» និងមានគោលបំណងធ្វើឱ្យ «ប្រជាជន នៅតំបន់ជនបទមានជីវភាពរស់នៅសមរម្យប្រកបដោយភាពធន់ មានសុខភាពមាំមួន រស់នៅក្នុងបរិស្ថានល្អ ប្រកបដោយចីរភាព និង មានសេចក្តីថ្លៃថ្នូរ» ដោយផ្តោតទៅលើការអភិវឌ្ឍតំបន់ជនបទ ឱ្យឆ្លើយតបទៅនឹង តម្រូវការជាអាទិភាព ប្រកបដោយតុល្យភាព ភាពធន់ បរិយាបន្ន និងនិរន្តរភាព ដែលនឹងរួមចំណែកដល់ការអភិវឌ្ឍ សេដ្ឋកិច្ចជាតិ កាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់គុណភាព និងគុណតម្លៃនៃជីវិតរស់នៅ របស់ប្រជាជន នៃព្រះរាជាណាចក្រកម្ពុជា។
គោលនយោបាយនេះ ត្រូវបានរៀបចំឡើងដោយមានការសិក្សាស្រាវជ្រាវនិងវិភាគស៊ីជម្រៅអំពីស្ថានភាព ជនបទនៅកម្ពុជា និងផ្អែកលើបទពិសោធល្អៗ នៃការងារអភិវឌ្ឍន៍ជនបទ ព្រមទាំងធាតុចូលពីគ្រប់តួអង្គពាក់ព័ន្ធ ដើម្បីឆ្លើយតបទៅនឹង លក្ខខណ្ឌនិងតម្រូវការអភិវឌ្ឍន៍ជនបទ ស្របតាមបរិការណ៍សេដ្ឋកិច្ចសង្គមនៃប្រទេសកម្ពុជា។
ក្នុងនាមរាជរដ្ឋាភិបាល សម្តេចធិបតី វាយតម្លៃខ្ពស់ ចំពោះក្រសួងអភិវឌ្ឍន៍ជនបទ បានខិតខំប្រឹងប្រែង យកអស់កម្លាំងកាយចិត្ត និងប្រាជ្ញាស្មារតី រៀបចំ «គោលនយោបាយជាតិស្តីពីការអភិវឌ្ឍជនបទ ឆ្នាំ២០២៥-២០៣៥» ដ៏មានសារៈសំខាន់នេះ ប្រកបដោយភាព ប្រទាក់ក្រឡា គ្រប់ជ្រុងជ្រោយ និងជាក់ស្តែងនិយម សំដៅធ្វើការអភិវឌ្ឍតំបន់ជនបទកម្ពុជាឱ្យមានភាពរីកចម្រើន ប្រកបដោយភាពធន់ បរិយាបន្ន និងចីរភាព៕
