ព័ត៌មានជាតិ

កម្ពុជាសោកស្តាយ ចំពោះការរំលោភបំពាន យ៉ាងធ្ងន់ធ្ងររបស់ថៃ ដល់គោលការណ៍ អនុសញ្ញាអូតាវ៉ា

ភ្នំពេញ ៖ កម្ពុជាសម្តែងនូវការសោកស្តាយ ចំពោះការរំលោភបំពាន យ៉ាងធ្ងន់ធ្ងររបស់ថៃ ដល់គោលការណ៍អនុសញ្ញាអូតាវ៉ា និងស្មារតី នៃកិច្ចសហប្រតិបត្តិការ របស់រដ្ឋភាគីអនុសញ្ញា ។
នេះជាការលើកឡើងរបស់លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១អាជ្ញាធរមីន ក្នុងឱកាសកម្ពុជា ដឹកនាំរៀបចំព្រឹត្តិការណ៍អមស្តីពី «ពង្រឹងកិច្ចសហប្រតិបត្តិការ អន្តរជាតិ តាមរយៈការអភិវឌ្ឍសមត្ថភាព ដើម្បីពិភពលោកមួយគ្មានមីន» កាលពីថ្ងៃ៣ ធ្នូ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ។

ក្នុងសុន្ទរកថាបើកនៃកិច្ចពិភាក្សា ទេសរដ្ឋមន្ត្រី លី ធុជ លើកឡើងថា អំពីស្ថានការណ៍នៅតាមតំបន់ព្រំដែន និងបានបង្ហាញពីចេតនារបស់ថៃដែលប្រើប្រាស់ឧប្បត្តិហេតុផ្ទុះមីនធ្វើការចោទប្រកាន់មកលើកម្ពុជាគ្មានមូលដ្ឋាន គ្មានការពិត និងគ្មានការស៊ើបអង្កេតច្បាស់លាស់ ដើម្បីជាមូលហេតុក្នុងការវាយប្រហារ ឈ្លានពានមកលើកម្ពុជា ដែលបានបង្កការរងគ្រោះ ដល់ប្រជាជនកម្ពុជា ក្នុងតំបន់ព្រំដែន។

លោកទេសរដ្ឋមន្រ្តី បានបង្ហាញ ការសោកស្តាយ ចំពោះការរំលោភបំពាន យ៉ាងធ្ងន់ធ្ងររបស់ថៃ ដល់គោលការណ៍ អនុសញ្ញាអូតាវ៉ា និងស្មារតីកិច្ចសហប្រតិបត្តិការ របស់រដ្ឋភាគីអនុសញ្ញា ។ ដោយបញ្ជាក់ពីជំហររបស់កម្ពុជាថា បានត្រៀមខ្លួចរួចរាល់ ក្នុងការផ្តល់កិច្ចសហការ និងបន្តអនុវត្តតាមយន្តការ ដែលមានស្រាប់ ដើម្បីដោះស្រាយបញ្ហា និងធានាបានសន្តិភាព ស្ថិរភាព និងសុខសុវត្ថិភាពរបស់ប្រជាជន។

កិច្ចពិភាក្សា នៃព្រឹត្តិការណ៍អម ក៏បានផ្តោតសំខាន់លើពីតួនាទីសំខាន់នៃការអភិវឌ្ឍសមត្ថភាព ដើម្បីលើកកម្ពស់ការ អនុវត្តមាត្រា៥នៃអនុសញ្ញាអូតាវ៉ា អត្ថប្រយោជន៍ នៃកិច្ចសហប្រតិបត្តិការអន្តរជាតិ គំរូកិច្ចសហប្រតិបត្តិការអន្តរជាតិ ដែលមានប្រសិទ្ធភាព ខ្ពស់ និងការជំរុញ ដល់ការបង្កើនកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូ ដើម្បីរួមគ្នាសម្រេច បានគោលដៅ ពិភពលោកមួយដែលគ្មានមីន៕

To Top