វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍(NIEI) និងស្ថានទូតឥណ្ឌា ចុះអនុស្សរណៈនៃការយោគយល់គ្នា ក្នុងការផ្តល់គម្រោង លទ្ធកម្មឧបករណ៍ និងសម្ភារៈបណ្តុះបណ្តាល ជំនាញធុរកិច្ចភេសជ្ជៈ
ភ្នំពេញ៖ នាព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ លោក ម៉ុល វិបុល អនុរដ្ឋលេខាធិការ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវ: តំណាងដ៏ខ្ពង់ខ្ពស់លោករដ្ឋមន្រ្តី ហេង សួរ បានអញ្ជើញចូលរួមជាសក្ខីភាព ក្នុងពិធីចុះអនុស្សរណៈ នៃការយោគយល់គ្នារវាងស្ថានទូតឥណ្ឌា និងវិទ្យាស្ថានជាតិ សហគ្រិនភាព និងនវានុវត្តន៍ (NIEI)។

នៅក្នុងពិធីនេះក៏មានការចូលរួមពីលោក តាន់ កុសល នាយកវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ និងលោក Vanlalvawna Bawitlung ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋឥណ្ឌាប្រចាំនៅកម្ពុជា ព្រមទាំងសហការី គណៈគ្រប់គ្រងវិទ្យាស្ថាន នាយករង លោកគ្រូ អ្នកគ្រូ មន្រ្តីរាជការ។

ថ្លែងក្នុងពិធីនោះដែរ ក្នុងនាមលោករដ្ឋមន្រ្តី លោក ម៉ុល វិបុលបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុតចំពោះ ឯកអគ្គរាជទូត វិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឥណ្ឌា ប្រចាំនៅកម្ពុជា ដោយបានបង្ហាញ នូវជំនឿជឿ ជាក់យ៉ាងមុតមាំថា នៅក្នុងអាណត្តិបេសកកម្មការទូតរបស់លោក នឹងបន្តរឹតចំណងសាមគ្គីភាពទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឲ្យកាន់តែរឹងមាំទ្វេដងថែមទៀត ជាពិសេសក្នុងការអនុវត្តគម្រោង Quick Impact Project តាមរយៈ Indian Grant Assistance ឲ្យមានតម្លាភាព តាមកម្រិតស្តង់ដា ប្រើប្រាស់នៅក្នុងការបង្រៀន និងរៀនលើមុខជំនាញធុរកិច្ច ពង្រឹងគុណភាព បណ្តុះបណ្តាលវិជ្ជាជីវៈ បង្កើនសមត្ថភាពសហគ្រិភាព ឲ្យមានប្រសិទ្ធភាព ដើម្បីអភិវឌ្ឍ មូលធនមនុស្សនៅកម្ពុជា។

បន្ថែមពីនេះភាគីទាំងពីរ បានប្តេជ្ញា និងសហការគ្នា ក្នុងការអនុវត្តគម្រោង Quick Impact Project នេះឲ្យបានល្អបំផុតតាម ដែលអាចធ្វើទៅបាន ដោយភាគីស្ថាន ទូតឥណ្ឌា នឹងផ្តល់ទៅតាមកម្មវិធីលទ្ធកម្មឧបករណ៍ និងសម្ភារៈបណ្តុះបណ្តាល លើជំនាញធុរកិច្ចភេសជ្ជៈដល់ (NIEI) ដើម្បីប្រើប្រាស់ក្នុងការបង្រៀនសិស្សកម្រិត C1 (1.5M)ឲ្យកាន់តែមានគុណភាព និងប្រសិទ្ធភាព ឆ្លើយតបទៅនឹងតម្រូវការក្នុងទីផ្សារបច្ចុប្បន្ន៕



