រដ្ឋមន្រ្តី៣ បើកកិច្ចប្រជុំអន្តរក្រសួង ថ្នាក់រដ្ឋមន្ត្រីត្រី-វិស័យ លើកទី ៥ ស្តីពីកសិកម្ម ទឹក ជនបទ
ភ្នំពេញ៖ នាព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ ២០២៥ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាសហប្រធានដឹកនាំ កិច្ចប្រជុំអន្តរក្រសួងថ្នាក់រដ្ឋមន្ត្រី ត្រី-វិស័យ លើកទី៥ ស្តីពីការសម្របសម្រួល ការអនុវត្តកម្មវិធីនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធ នឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ ដោយមានវត្តមានចូលរួមពីថ្នាក់ ដឹកនាំនិងមន្ត្រីជំនាញ នៃក្រសួងទាំង៣ ព្រមទាំងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងទេសចរណ៍ផង ដែរ។

កិច្ចប្រជុំអន្តរក្រសួងត្រី-វិស័យ លើកទី៥ នាពេលនេះគឺដើម្បីពិនិត្យ ពិភាក្សានិងអនុម័តលើ របៀបវារៈសំខាន់ៗ ចំនួនបីគឺ ៖
ទី១) របាយការណ៍សង្ខេប ស្តីពីវឌ្ឍនភាពការងារ របស់ក្រុមការងារត្រីវិស័យ បន្ទាប់ពីកិច្ចប្រជុំអន្តរក្រសួងលើកទី៤
ទី២) សេចក្តីព្រាងផែនការ សកម្មភាព៣ឆ្នាំរំកិល (២០២៦-២០២៨) រួមទាំងផែនការ សកម្មភាពឆ្នាំ២០២៦
ទី៣) ការពិភាក្សា ដោយមានការចូលរួមពីសំណាក់ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ក្រសួងទេសចរណ៍ លើគ្រោងប្លង់សម្រាប់ការអភិវឌ្ឍ ទំនប់អូររំដួលនៃ សហគមន៍កសិកម្មទំនើបបន្លែ ផ្ទះសំណាញ់ត្រាំកក់ ឱ្យក្លាយជាតំបន់កសិ-ទេសចរណ៍ ។

សូមបញ្ជាក់ថា ក្រុមការងារត្រី-វិស័យ កសិកម្ម ទឹក ជនបទ គឺជាយន្តការសម្របសម្រួលអន្តរក្រសួង ដែល បង្កើតឡើងដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងធនធានទឹក និងឧតុនិយម និងក្រសួង អភិវឌ្ឍន៍ជនបទ ដើម្បីជំរុញឱ្យមានកិច្ចសហការជិតស្និទ្ធ បង្កើនប្រសិទ្ធភាព និងសហថាមពល សំដៅគាំ ទ្រដល់ការលើកកម្ពស់ និងកែលម្អជីវភាពសហគមន៍តាមមូលដ្ឋាន ព្រមទាំងបង្កើតភាពធន់ និងជំរុញ កំណើនសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាព ចូលរួមចំណែកអនុវត្តន៍កម្មវិធីនយោបាយ និងយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដោយផ្តោតលើការសម្រប សម្រួលឱ្យមានភាពបន្សំគ្នា រវាងសហគមន៍កសិកម្មទំនើប សហគមន៍កសិករ ប្រើប្រាស់ទឹក និងភូមិគំរូ៕



