ព័ត៌មានជាតិ

សហភាពពលកម្មជាតិកម្ពុជា​ តំណាងឱ្យកម្មករ ប្រមាណ៧ម៉ឺននាក់ អំពាវនាវឱ្យកម្មករ និយោជិត ទាក់ទងទៅក្រសួងការងារ​ ឬសហជីព​ ប្រសិនមានការជេរប្រមាថ ឬបញ្ហានៅរោងចក្រ

ភ្នំពេញ ៖ លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជាដែលតំណាងឱ្យកម្មករប្រមាណ៧ម៉ឺននាក់នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥នេះ បានអំពាវនាវដល់កម្មករនិយោជិតទាំងអស់ ក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប សូមទាក់ទង ឬប្តឹងទៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រសិនបើជួបបញ្ហាផ្សេងៗ នៅកន្លែងការងារ ឬមានការប្រើប្រាស់ ភាសាមិនសមរម្យនៅកន្លែងការងារ ដើម្បីក្រសួងអន្តរគមន៍ដោះស្រាយបានទាន់ពេលវេលា និងមានប្រសិទ្ធភាព ។

លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា បានលើកឡើងថា បងប្អូនកម្មករនិយោជិតអាចធ្វើការប្តឹងទៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមតំណភ្ជាប់ជាច្រើនដូចជាបណ្តឹងអនាមឹក លេខទូរសព្ទ Hotline ១២៩៧ ឬអាចទាក់ទងទៅលេខអ្នកនាំពាក្យក្រសួងការងារ ដើម្បីឱ្យក្រសួងជួយអន្តរាគមន៍ ឬមានវិធានការ ដោះស្រាយបញ្ហាបានទាន់ពេលវេលា។

លោកថ្លែងថា «សូមអំពាវនាវដល់បងប្អូនកម្មករនិយោជិតទាំងអស់ ប្រសិនបើជាបងប្អូនមានបញ្ហាអ្វីមួយនៅន្លែងការងារសូមបងប្អូនទាក់ទង ឬប្តឹងមកក្រសួងការងារ ក្រសួងការងារ នឹងមានការអន្តរាគមន៍ដោះស្រាយជូនបងប្អូន យ៉ាងមានប្រសិទ្ធភាព»

សូមបញ្ជាក់ថា សម្រាប់បណ្តឹងកម្មករនិយោជិត អាចប្តឹងទៅកាន់បណ្តាញសង្គមក្រសួងការងារ បណ្តាញសង្គមឯកឧត្ដមរដ្ឋមន្ត្រីក្រសួងការងារ អ្នកនាំពាក្យក្រសួងការងារ និង QRCode បណ្តឹងអនាមិក ដោយអាចទាក់ទងបានគ្រប់ពេល ឬ១២៩៧៕

To Top