អ្នកនាំពាក្យចិន ៖ ចលនាបំបែកខ្លួន ដើម្បីឯករាជ្យភាព របស់តៃវ៉ាន់ នឹងត្រូវបរាជ័យ
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក លីន ជៀន បានឲ្យដឹងថា គោលការណ៍ចិនតែមួយ គឺជាមូលដ្ឋានគ្រឹះនយោបាយ និងជាតម្រូវការជាមុន ជាមូលដ្ឋាននៃទំនាក់ទំនងចិន-ហុងឌូរ៉ាស ការរីកចម្រើន នៃទំនាក់ទំនងទ្វេភាគី គឺស្ថិតនៅក្នុងផលប្រយោជន៍ជាមូលដ្ឋាន និងយូរអង្វែងរបស់ប្រទេស និងប្រជាជនទាំងពីរ ហើយចលនាបំបែកខ្លួន ដើម្បីឯករាជ្យភាពរបស់តៃវ៉ាន់ នឹងត្រូវបរាជ័យ។
ការកត់សម្គាល់របស់លោក លីន នៅក្នុងសន្និសីទសារព័ត៌មាន ប្រចាំថ្ងៃបានកើតឡើងបន្ទាប់ពីមន្ត្រីម្នាក់មកពីតៃវ៉ាន់ បានព្យាយាមទាក់ទងជាមួយបេក្ខជនប្រធានាធិបតីពីររូប នៅក្នុងប្រទេសហុងឌូរ៉ាស។ លោក បានលើកឡើងថា ក្នុងរយៈពេលពីរឆ្នាំកន្លងមក និងច្រើនជាងនេះ ចាប់តាំងពីប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងការទូត ទំនាក់ទំនងនេះបានរីកចម្រើនយ៉ាងឆាប់រហ័សជាមួយនឹងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កានៅក្នុងវិស័យផ្សេងៗ។
លោកបានចង្អុលបង្ហាញថា សាលាបច្ចេកទេសកសិកម្មដែលសាងសង់ដោយប្រទេសចិនត្រូវបានបញ្ចប់ កិច្ចព្រមព្រៀងផ្គត់ផ្គង់លើបង្គាជើងសជាង ១០,០០០ តោនត្រូវបានចុះហត្ថលេខាដោយក្រុមហ៊ុនចិន និងហុងឌូរ៉ាស ហើយថ្នាំជក់ពីហុងឌូរ៉ាសបានចូលទៅក្នុងទីផ្សារចិន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោកបន្ដថា នៅឆ្នាំ ២០២៤ ការនាំចូលកាហ្វេហុងឌូរ៉ាសរបស់ប្រទេសចិនបានកើនឡើង ១៤ ដងក្នុងមួយឆ្នាំ ដោយបន្ថែមថា ប្រទេសចិនក៏បានផ្តល់ជូនកាហ្វេហុងឌូរ៉ាសផងដែរ។ ផ្ទះកញ្ចក់ និងឧបករណ៍ដាំដុះ ព្រមទាំងបានផ្តល់សម្ភារៈមនុស្សធម៌ជាច្រើនបាច់ នៅពេលដែលប្រទេសហុងឌូរ៉ាស ត្រូវបានវាយប្រហារដោយខ្យល់ព្យុះ ទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗទៀត។
លោកបានបន្តថា កិច្ចសហប្រតិបត្តិការ ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស អាហារូបករណ៍រដ្ឋាភិបាល ទេសចរណ៍ និងវិស័យផ្សេងៗទៀត ផ្តល់នូវការជំរុញយ៉ាងខ្លាំង ដល់ការកសាងសមត្ថភាព ក្នុងការអភិវឌ្ឍរយៈពេលវែង របស់ប្រទេសហុងឌូរ៉ាស ។ លោកបន្ថែមថា “សមិទ្ធផលទាំងនេះបង្ហាញយ៉ាងពេញលេញថា ទំនាក់ទំនងនេះបាន ផ្តល់ជូនប្រជាជនហុងឌូរ៉ាសយ៉ាងជាក់ស្តែង និងបម្រើផលប្រយោជន៍ជាមូលដ្ឋាន និងរយៈពេលវែងរបស់ប្រទេសទាំងពីរ និងប្រជាជនទាំងពីរ”៕
ប្រែសម្រួល ឈូក បូរ៉ា
