ប្រាក់ចំណូលប្រេង និងឧស្ម័នរបស់រុស្ស៊ី ធ្លាក់ចុះជិត ៣៤ ភាគរយនៅក្នុងខែវិច្ឆិកា
មូស្គូ៖ ប្រាក់ចំណូលប្រេង និងឧស្ម័នរបស់រុស្ស៊ីបានធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងខែវិច្ឆិកា ដោយធ្លាក់ចុះ ៣៣,៨ ភាគរយធៀបនឹងឆ្នាំមុន មកត្រឹម ៥៣០,៩ ពាន់លាន រូប្លែ ប្រហែល (៦,៨ ពាន់លានដុល្លារអាមេរិក) នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន TASS របស់ប្រទេសរុស្ស៊ី។
យោងតាមការគណនាដោយផ្អែកលើទិន្នន័យ ដែលចេញផ្សាយដោយក្រសួង ហិរញ្ញវត្ថុរុស្ស៊ី បានឲ្យដឹងថា ប្រាក់ចំណូលប្រេង និងឧស្ម័ននៅក្នុងខែវិច្ឆិកា បានធ្លាក់ចុះ ៤០,២ ភាគរយធៀបនឹងខែមុន ពី ៨៨៨,៦ ពាន់លានរូប្លិ (១១,៤ ពាន់លានដុល្លារ) ក្នុងខែតុលា នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។
ប្រភពពី TASS បានឲ្យដឹងថា ការធ្លាក់ចុះប្រចាំខែភាគច្រើនដោយសារតែការប្រមូលពន្ធលើប្រាក់ចំណេញបន្ថែម ដែលមានចំនួន ៣២៧,៨ ពាន់លានរូប្លែ ប្រហែល (៤,២ ពាន់លានដុល្លារ) ក្នុងខែតុលា ។ ពន្ធនេះត្រូវបានប្រមូលជារៀងរាល់ត្រីមាស ។ ចាប់ពីខែមករា ដល់ខែវិច្ឆិកា ប្រាក់ចំណូលប្រេង និងឧស្ម័នរបស់រុស្ស៊ី មានចំនួនសរុប ៨,០២៩ ពាន់ពាន់លានរូប្លែ (១០៣,៤ ពាន់លានដុល្លារ) តិចជាង ២១,៤ ភាគរយធៀបនឹង រយៈពេលដូចគ្នាកាលពីឆ្នាំមុន៕
ប្រែសម្រួល ឈូក បូរ៉ា
