ពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅខេត្តសៀមរាប នឹងប្រព្រឹត្តិទៅនៅថ្ងៃស្អែក ដោយមានឱកាសការងារ រាប់ម៉ឺនកន្លែង និងច្រើនវិស័យ
ភ្នំពេញ ៖ ពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅខេត្តសៀមរាប នឹងប្រព្រឹត្តិទៅនៅថ្ងៃទី៦ និងថ្ងៃទី៧ ខែធ្នូ ស្អែក និងខានស្អែកនេះហើយ ដោយនាំយក ឱកាសការងាររាប់ម៉ឺនកន្លែង និងមានជាច្រើនវិស័យ ជូនបងប្អូនអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ។

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មានប្រសាសន៍នៅថ្ងៃទី៥ ខែធ្នូនេះថា នៅថ្ងៃសៅរ៍ ទី៦ ខែធ្នូ ឆ្នាំ២០២៥ ពិព័រណ៍ការងារ សន្តិសុខសង្គម និង បណ្តុះបណ្តាលវិជ្ជាជីវៈ នឹងត្រូវធ្វើឡើង នៅបរិវេណសាលាបឋមសិក្សា សម្តេច ហ៊ុន សែន រណសិរ្សត្រីភូមិ ស្រុកសូទ្រនិគម ។ ចំណែកនៅថ្ងៃអាទិត្យ ទី៧ ខែធ្នូ ឆ្នាំ២០២៥ នឹងត្រូវធ្វើឡើងនៅបរិវេណវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស ពួក ស្រុកពួក ។

លោកបន្តថា បងប្អូនអតីតពលករដែលមានបំណងស្វែងរកការងារ នឹងទទួលបាន «ការដឹកជញ្ជូនចូលរួមកម្មវិធី អាវយឺតដ៏ស្រស់ស្អាត អាហារ ភេសជ្ជៈ កាហ្វេ និងទទួលបានការកាត់សក់ពីជាងជំនាញដោយឥតគិតថ្លៃ»។ បងប្អូនអតីតពលករដែលត្រឡប់មកពីថៃ យុវជន និងអ្នកស្វែងរកការងារ ដែលរស់នៅក្នុងខេត្តសៀមរាប អាចដាក់ពាក្យ និងសម្ភាសការងារភ្លាមៗផ្ទាល់នៅទីតាំងទាំង ២ខាងលើ ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៥ល្ងាច។

បើតាមអ្នកនាំពាក្យក្រសួងការងារ ដដែល ពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅខេត្តសៀមរាបនេះ នឹងនាំយកឱកាសការងាររាប់ម៉ឺនកន្លែង ជូនបងប្អូនអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ ដោយមានវិស័យកសិកម្ម សំណង់ សិប្បកម្ម សេវាកម្ម និងវិស័យឧស្សាហកម្ម។

សូមជម្រាបថា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានរៀបចំពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅតាមបណ្ដាខេត្តចំនួន ១៩លើកមកហើយ។ បន្ថែមលើនោះ ក្រសួងការងារ ក៏បានរៀបចំវេទិកាការងារនៅតាមបណ្ដាខេត្តចំនួន ៥៥៨លើករួចមកហើយដែរ៕


