សហជីពនៅកម្ពុជា លើកទឹកចិត្ត ឱ្យកម្មករនិយោជិត ទាក់ទងទៅក្រសួងការងារ ប្រសិនបើមានវិវាទការងារ ឬការជេរប្រមាថកើតឡើង
ភ្នំពេញ ៖ ក្រុមសហជីពនៅកម្ពុជា បានលើកទឹកចិត្តដល់កម្មករនិយោជិត ក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប សូមទាក់ទង ឬប្តឹងទៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រសិនបើមានវិវាទការងារ ឬមានការជេរប្រមាថនៅកន្លែងការងារ ដើម្បីក្រសួងជួយអន្តរាគមន៍ ដោះស្រាយបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។
លោក អ៊ុន ដារ៉ា ប្រធានសហភាពសហជីពកម្ពុជាពន្លឺកម្មករ មានប្រសាសន៍នៅថ្ងៃទី៥ ខែធ្នូនេះថា នៅពេលមានវិវាទការងារ ឬមានការជេរប្រមាថ កើតឡើងនៅកន្លែងការងារ គឺលោកតែងតែ ណែនាំដល់សហជីពមូលដ្ឋាន ក៏ដូចជាកម្មករនិយោជិត ឱ្យពួកគាត់ទាក់ទង ឬដាក់ពាក្យបណ្ដឹង ទៅក្រសួងការងារ ឬមន្ទីរការងារ ។ លោក លើកឡើងថា នៅពេលមានវិវាទកើតឡើងគឺភាគីកម្មករនិយោជិត និងភាគីនិយោជក តែងតែយកត្រូវរៀងៗខ្លួន ហើយក្រសួងការងារ គឺភាគីសម្របសម្រួលដោះស្រាយបញ្ហារវាងភាគីទាំងពីរ។

លោក អ៊ុន ដារ៉ា បានប្រាប់បែបនេះថា «ខ្ញុំលើកទឹកចិត្តឱ្យបងប្អូនយើង ទៅដាក់ពាក្យប្ដឹង នៅក្រសួងការងារ ដើម្បីឱ្យក្រសួងការងារ ចុះមកសម្របសម្រួលកិច្ចការមួយចំនួន ជូនបងប្អូនយើង» ។
ស្រដៀងគ្នាដែរ លោក ហង្ស រ៉ាវី ប្រធានសហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា បានប្រាប់ថា ប្រសិនបើ កម្មករ-និយោជិត មានវិវាទការងារ ឬមានការជេរប្រមាថណាមួយ នៅកន្លែងធ្វើការងាររបស់ខ្លួន សូមបងប្អូន ទាក់ទងទៅក្រសួងការងារ។ លោក បានលើកឡើងថា «ក្រសួងការងារ មានមន្ត្រីជាច្រើនដែលចាំអន្តរាគមន៍ដោះស្រាយវិវាទការងារជូនបងប្អូន ក៏ដូចជាលក្ខខណ្ឌដែលបងប្អូនចង់បានទៅតាមផ្លូវច្បាប់»។

លោក ហង្ស រ៉ាវី បានទទូចថា សូមកម្មករនិយោជិត ជឿជាក់ទៅលើក្រសួងការងារ ព្រោះមានតែក្រសួងការងារទេ ដែលមានអាទិភាពក្នុងការសម្របសម្រួល និងដោះស្រាយបញ្ហាវិវាទការងារជូនបងប្អូន។
សូមបញ្ជាក់ថា សម្រាប់បណ្តឹងកម្មករនិយោជិត អាចប្តឹងទៅកាន់បណ្តាញសង្គមក្រសួងការងារ បណ្តាញសង្គមឯកឧត្ដមរដ្ឋមន្ត្រីក្រសួងការងារ អ្នកនាំពាក្យក្រសួងការងារ និង QRCode បណ្តឹងអនាមិក ដោយអាចទាក់ទងបានគ្រប់ពេល ឬលេខ Hotline ១២៩៧៕
