សម្តេចធិបតី អញ្ចើញជួបសំណេះសំណាល សួរសុខទុក្ខ ប្រជាពលរដ្ឋ នៅភូមិព្រៃចាន់ និងភូមិជោគជ័យ
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥នេះ បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ ប្រជាពលរដ្ឋ នៅភូមិព្រៃចាន់ និង ភូមិជោគជ័យ និងប្រជាពលរដ្ឋផ្សេងទៀត ក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ និងប្រជាពលរដ្ឋមួយចំនួន នៅឃុំកំរៀង និងឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ។

ក្នុងឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែង អំណរគុណ ដល់គណៈបញ្ជាការឯកភាព រដ្ឋបាលខេត្តបន្ទាយមានជ័យ កងកម្លាំងប្រដាប់អាវុធ គ្រប់ប្រភេទ និងផ្នែកពាក់ព័ន្ធទាំងអស់ ដែលបានយកចិត្តទុកដាក់ ធ្វើប្រតិបត្តិការអន្តរាគមន៍ក្នុងការការពារ និងរក្សានូវបូរណៈភាពទឹកដី ព្រមទាំង សេចក្តីសុខសុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋ ដោះស្រាយបញ្ហាផ្សេងៗ ជាពិសេស បងប្អូនប្រជាពលរដ្ឋរស់នៅភូមិព្រៃចាន់ និងភូមិជោគជ័យ បានយ៉ាងល្អ ប្រកបដោយការលះបង់ខ្ពស់។

ជាមួយគ្នានេះសម្តេចនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណ ដល់បងប្អូន អ៊ំពូមីង តាយាយ ទាំងភូមិជោគជ័យ និងព្រៃចាន់ ដែលបានផ្តល់នូវការជឿជាក់ ការគាំទ្រ និងផ្តល់សេចក្តីអត់ធ្មត់មកលេីរាជរដ្ឋាភិបាល ក្នុងការអនុវត្តតួនាទី និងភារកិច្ចនៃបេសកកម្មការពារ ផលប្រយោជន៍ បូរណភាពទឹកដី៕
ដោយ៖ ដារាត់| ដើមអម្ពិល









