ព័ត៌មានជាតិ

អ្នករាយការណ៍ពិសេស ស្តីពីសិទ្ធិមនុស្សនៅកម្ពុជា បានលាលែងពីមុខតំណែង

ភ្នំពេញ៖ អ្នករាយការណ៍ពិសេស​ ស្តីពីសិទ្ធិមនុស្សនៅកម្ពុជា ដែលមានសញ្ជាតិជាជាជនជាតិថៃ លោក វីទីត ម៉ុនតាប៊ន បានធ្វើលិខិតលាលែងពីមុខតំណែង។ នេះបើតាមលោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។

នៅលើគណនីហ្វេសប៊ុក នាថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥នេះ លោក កែវ រ៉េមី បានឱ្យដឹងថា កាលពីថ្ងៃទី១០ ខែវិច្ឆិកា នៅពេលដែលខ្ញុំ បានជួបសន្ទនា ជាមួយលោក Rory Mungoven អ្នកទទួលបន្ទុកសិទ្ធិមនុស្សនៅអាស៉ីប៉ាស៉ីហ្វិក។ ខ្ញុំបានប្រាប់គាត់ថា ក្នុងពេលនៃការយារយី និងរំលោភសិទ្ធិមនុស្ស និងច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរពីកងទ័ពថៃ រាល់លិខិតបណ្តឹង ដែលបានផ្ញើចេញទៅគ្រប់ស្ថាប័ន ពាក់ព័ន្ធសិទ្ធិមនុស្សទាំងអស់ លើកលែងតែលោក វិទីត មួយ ដែលខ្ញុំមិនបានផ្ញើទៅគាត់ ។

លោកបន្ថែមថា ជាសុជីវធម៌មួយ ដែលមិនចង់ឱ្យគាត់មានការលំបាក ក្នុងការងាររបស់គាត់ បើទោះជាការងារនោះឯករាជ្យ ដែលតែងតាំងដោយ UN ក៏ដោយក៏គាត់នៅតែជាជនជាតិថៃ ។ បើគាត់ហ៊ានថ្កោលទោសកងទ័ពថៃថា រំលោភសិទ្ធមនុស្ស នោះគាត់នឹងមិនអាចចូលស្រុកគាត់បានទេ ហើយប្រហែលជាក្រុមជ្រុលនិយមថៃ ឬទាហានថៃ ចោទថា គាត់ក្បត់ជាតិ។

តែលោក កែ រ៉េមី មានសំណូមពរមួយថា ពេលគាត់ចប់អាណត្តិ, សូម UN កុំតែងតាំងជាតិសាសន៍ ដែលមានភូមិផង របងជាមួយជាអ្នករាយការណ៍ ពីសិទ្ធិមនុស្សនៅកម្ពុជា ពីព្រោះថ្ងៃណាមួយនឹង មានជម្លោះម្តងទៀត ដែលធ្វើឱ្យពួកគាត់មានការលំបាក។

លោក កែវ រ៉េមី ក៏បានបង្ហាញពីការងាររបស់លោក ដោយគ្មានភាពរើសអើងទៅលើលោក វីទីត តែផ្ទុយទៅវិញ លោកកោតសរសើរពីចំណេះ និងការងាររបស់គាត់ដែលយើងបានធ្វើការកន្លងមក ។ ហើយលោកសង្ឃឹមថា លោក វីទីត ម៉ុនតាប៊ន នឹងទួលបានការងារកាន់តែប្រសើរក្នុងការជ្រោមជ្រែង ការពារ និងលើកស្ទួយក្នុងវិស័យសិទ្ធិមនុស្ស។ គួរឱ្យស្តាយចំពោះធនធានមនុស្សដ៏ល្អជាច្រើន នៅក្នុងប្រទេសថៃ ពិបាកនឹងបញ្ចេញចំណេះបម្រើប្រជាជាតិ ដោយសារភាពជ្រុលនិយមងុបងល់ដោយអគតិ»៕

To Top