ក្រសួងព័ត៌មាន ៖ កុំធ្វើការផ្សព្វផ្សាយ និងចែករំលែកព័ត៌មាន អំពីទីតាំងឈរជើង ការចល័តទ័ព លេណដ្ឋានកងទ័ព និងការប្រើប្រាស់ គ្រឿងសព្វាវុធ យុទ្ធោប្បករណ៍
ភ្នំពេញ ៖ ក្រសួងព័ត៌មាន បានណែនាំ និងស្នើសាជាថ្មី ដល់អ្នកសារព័ត៌មាន អ្នកធ្វើសកម្មភាព ក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ និងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនង សង្គមទាំងអស់ កុំធ្វើការផ្សព្វផ្សាយ និងចែករំលែកព័ត៌មាន អំពីទីតាំងឈរជើង ការចល័តទ័ព លេណដ្ឋានកងទ័ព ការប្រើប្រាស់គ្រឿង សព្វាវុធ យុទ្ធោប្បករណ៍ និងការសម្ងាត់ របស់កងទ័ព ដែលធ្វើឱ្យអន្តរាយដល់សន្តិសុខ ជាតិនិងបង្កគ្រោះថ្នាក់ដល់អ្នកបំពេញ បេសកកម្មជូនជាតិ។
យោងតាមគេហទំព័រហ្វេសប៊ុក របស់លោក នេត្រ ភក្ត្រា រដ្ឋមន្ដ្រីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ ថា «សូមបងប្អូន តាមដាននិងទទួលព័ត៌មាន ពីប្រភពផ្លូវការ ជាពិសេសប្រភពពីអ្នកនាំពាក្យ ក្រសួងការពារជាតិ ដែលនឹងផ្តល់ព័ត៌មាន ជាប្រចាំពីការវិវត្ត នៃស្ថានការណ៍»។
សូមរំលឹកថា បើតាម លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ យោធាថៃបានបើកការបាញ់ប្រហារមកលើកងកម្លាំងកម្ពុជា នៅក្នុងតំបន់អានសេះ ខេត្តព្រះវិហារ បន្ទាប់មកបាញ់នៅប្រាសាទតាមាន់ធំ ដោយប្រើប្រាស់រថក្រោះបាញ់ ចូលជាច្រើន និងនៅតំបន់ប្រាសាទព្រះវិហារ នៅ៥មករា និងនៅចំការចេក និងការបើកការវាយប្រហារនេះ ធ្វើឡើងបន្ទាប់ពីយោធាថៃ បានធ្វើសកម្មភាព បង្កហេតុជាច្រើនរាប់មិនអស់ ច្រើនថ្ងៃមកហើយ ជាពិសេសឧបទវហេតុ កាលពីម្សិលមិញនៅព្រលានថ្ម ក្នុងចេតនាញុះញង់ ដើម្បីនាំដល់ការប៉ះទង្គិចគ្នា៕
