ព័ត៌មានអន្តរជាតិ

ចិននិងជប៉ុន កាន់តែក្តៅក្រោយ ការប្រឈមមុខដាក់គ្នា រវាងយន្តហោះចម្បាំង នៅដែនសមុទ្រប៉ាស៊ីហ្វិក

បរទេស៖ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថារដ្ឋាភិបាលនៃទីក្រុងតូក្យូ និងទីក្រុងប៉េកាំង បានផ្លាស់ប្តូរការចោទប្រកាន់ គ្នាទៅវិញទៅមក បន្ទាប់ពីយន្តហោះចម្បាំង របស់ពួកគេ បានប្រឈមមុខដាក់គ្នា យ៉ាងកៀកបំផុត ចំនួន២ដង ចំពេលសមយុទ្ធកងទ័ពជើងទឹក របស់ប្រទេសចិន។

ប្រទេសជប៉ុនគឺជាអ្នកដំបូងគេ ដែលបានរាយការណ៍ពីឧបទ្ទវហេតុនេះ ដោយបញ្ជាក់ថា យន្តហោះចម្បាំងរបស់ចិន J-15 បានចាក់សោប្រព័ន្ធរ៉ាដាគ្រប់គ្រង ការបាញ់របស់ពួកគេនៅលើយន្តហោះចម្បាំង F-15J របស់ជប៉ុនយ៉ាងហោចណាស់ ចំនួន២លើកកាលពីថ្ងៃសៅរ៍ ។ ក្រសួងការបរទេសជប៉ុន បាននិយាយថា ការប្រឈមមុខដាក់គ្នា បានកើតឡើងលើដែនទឹកអន្តរជាតិ នៅភាគអាគ្នេយ៍នៃកោះអូគីណាវ៉ា។

នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi បានប្រាប់អ្នកយកព័ត៌មាន កាលពីថ្ងៃអាទិត្យថា ៖ ការបំភ្លឺតាមរ៉ាដាទាំងនេះ គឺជាទង្វើដ៏គ្រោះថ្នាក់ដែលហួសពីអ្វី ដែលចាំបាច់សម្រាប់ការហោះហើរ ប្រកបដោយសុវត្ថិភាព នៃយន្តហោះហើយ ដោយបន្ថែមថា ទីក្រុងតូក្យូបានដាក់ពាក្យបណ្ដឹង រួចហើយចំពោះទង្វើដែលនាងហៅថា គួរឱ្យសោកស្ដាយជាខ្លាំងមួយនេះ។

យ៉ាងណាក្តីរដ្ឋាភិបាលទីក្រុងប៉េកាំង បានច្រានចោលការចោទប្រកាន់នេះ ដោយបញ្ជាក់ថា យន្តហោះជប៉ុន បានចូលទៅជិតម្តងហើយម្តងទៀត និង រំខានដល់កងទ័ពជើងទឹកចិន ខណៈដែលខ្លួនកំពុងធ្វើសមយុទ្ធនាវា ផ្ទុកយន្តហោះដែលបានប្រកាសពីមុននៅក្នុងតំបន់។

គួរឲ្យដឹងដែឬថាទំនាក់ទំនងរវាងទីក្រុងប៉េកាំង និងទីក្រុងតូក្យូបានធ្លាក់ចុះ បន្ទាប់ពីលោកស្រី Takaichi ដែលជានាយករដ្ឋមន្ត្រីស្ត្រីដំបូងគេ របស់ប្រទេសជប៉ុន និងជាអ្នកអភិរក្សនិយមដ៏រឹងរូស បានចូលកាន់តំណែងកាលពីចុងខែតុលា។

លោកស្រីបានអះអាងថា ការប៉ុនប៉ងណាមួយរបស់ទីក្រុងប៉េកាំង ក្នុងការប្រើប្រាស់កម្លាំង ដើម្បីបង្រួបបង្រួមជាមួយ នឹងកោះតៃវ៉ាន់ ដែលគ្រប់គ្រងដោយខ្លួនឯងអាចបង្កើតជា ស្ថានភាពគំរាមកំហែងដល់ការរស់រានមានជីវិត ដែលសក្តិសមជាការឆ្លើយតបផ្នែកយោធា នៅក្រោមច្បាប់របស់ជប៉ុន ។ នោះ​ហើយ​បាន​ជំរុញ​ឱ្យ​មានការ​ចោទប្រកាន់​ចិន​ពី​ការ​ជ្រៀតជ្រែក​ក្នុង​បញ្ហា​ផ្ទៃក្នុង​៕

ប្រែសម្រួល៖ស៊ុនលី

To Top