ព័ត៌មានជាតិ

សម្តេចធិបតី ៖ ការបើកឱ្យដំណើរច្រកទ្វារការព្រំដែនម៉ឺនជ័យ-តឹនណាម នឹងបង្កើនទំនាក់ទំនងរវាងកម្ពុជា-វៀតណាម

ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានមានប្រសាសន៍ថា ការដាក់ឱ្យប្រើប្រាស់ច្រកទ្វារព្រំដែន អន្តរជាតិម៉ឺនជ័យរបស់ខេត្តព្រៃវែង និងតឹនណាម របស់ខេត្តតៃនិញ ប្រទេសវៀតណាម បង្ហាញពីភាពជិតស្និទ្ធ និងទំនាក់ទំនងល្អជាអ្នកជិតខាងរវាងកម្ពុជា-វៀតណាមបន្ថែមទៀត ។
ក្នុងឱកាសអញ្ជើញពិធីបើកដាក់ឱ្យប្រើប្រាស់ច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ-តឹនណាម នៅថ្ងៃទី៨ ខែធ្នូ សម្តេចធិបតី បានលើកទឹកចិត្តរដ្ឋបាលខេត្តព្រៃវែង និងខេត្តតៃនិញ ដែលទើបសម្ពោធសមិទ្ធផលថ្មី នៃច្រកទ្វារព្រំដែនអន្តរជាតិ ម៉ឺនជ័យនេះ បន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នា ដើម្បីជំរុញទំនាក់ទំនងពាណិជ្ជកម្ម និងទំនាក់ទំនងប្រជាជន រវាងប្រទេសទាំងពីរ ។

ជាមួយនឹងការជំរុញនេះ សម្តេចធិបតី មានប្រសាសន៍បញ្ជាក់ថា “ខ្ញុំជឿជាក់យ៉ាងមុតមាំថា ការដាក់ឱ្យដំណើរការ ផ្លូវការច្រកទ្វារព្រំដែនអន្តរជាតិ និងហេដ្ឋារចនាសម្ព័ន្ធនៅពេលនេះ នឹងជំរុញការអភិវឌ្ឍសង្គមសេដ្ឋកិច្ចជាតិ និងសុខមាលភាពប្រជាជននៃប្រទេសទាំងពីរ និយាយជារួមខេត្តព្រៃវែងរបស់កម្ពុជា និងខេត្តតៃនិញ របស់វៀតណាមនិយាយដោយឡែក តាមរយៈការលើកកម្ពស់ពាណិជ្ជកម្ម វិនិយោគ ទេសចរ វប្បធម៌ និងសន្តិសុខ” ។

ចំពោះចំណុចនេះ សម្តេចធិបតី បានលើកទឹកចិត្តគ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរខេត្តព្រៃវែង និងខេត្តតៃនិញ របស់វៀតណាម ត្រូវបន្តធ្វើការសហការដោយជិតស្និទ្ធជាមួយគ្នាបន្ថែមទៀត ដើម្បីដាក់ចេញ យុទ្ធសាស្រ្តសមស្រប និងផែនការសកម្មភាពជាក់លាក់សំដៅ សម្រួលលំហូរទំនិញ សកម្មភាពធុរកិច្ច ជាពិសេសក្នុងវិស័យ ដែលមានសក្កានុពលខ្ពស់ ដូចជា ៖ កសិកម្ម កសិឧស្សាហ៍កម្ម និងឧស្សាហ៍កម្មកែច្នៃសម្រាប់ការនាំចេញជាដើម ។

សម្តេចធិបតីក៏បានលើកទឹកចិត្តដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ពន្លឿនកិច្ចពិភាក្សាបញ្ចូលច្រកទ្វារព្រំដែននេះ ស្របតាមកិច្ចព្រមព្រៀងស្តីពីទំនិញឆ្លងកាត់ទៅក្នុងពិធីសារ សម្រាប់ការអនុវត្តកិច្ចព្រមព្រៀង ស្តីពី ការដឹកជញ្ជូនផ្លូវគោក ។

សូមបញ្ជាក់ថា ច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ-តឹនណាម ត្រូវបានសាងសង់ លើផ្ទៃដីសរុប ចំនួន ៨៩.៥៧៧ម៉ែត្រការ៉េ កាលពីអំឡុងឆ្នាំ២០២០ ដោយចំណាយថវិកាសរុបចំនួន ២៦.៤២៤.៦៧៣.៥០០រៀល ៕

To Top