ការចេញផ្សាយរបស់សារព័ត៌មានថា “កម្ពុជាចល័តសព្វាវុធធុនធ្ងន់ នៅតាមបណ្តោយព្រំដែន កម្ពុជា-ថៃ” ជារឿងមិនពិត
ភ្នំពេញ ៖ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានបដិសេធ ចំពោះការចោទប្រកាន់ របស់សារព័ត៌មានថៃថា “កម្ពុជាចល័តសព្វាវុធធុនធ្ងន់ នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ” គឺជារឿងមិនពិតនោះទេ ។

យោងតាមសេចក្តីប្រកាសព័ត៌មានលោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានឲ្យដឹងថា នៅរសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥នេះ ក្រសួងការពារជាតិកម្ពុជា បានកត់សម្គាល់បន្ថែមថា ផេកផ្លូវការ របស់កងទ័ពភូមិភាគទី១ថៃ មានភាពសកម្ម ក្នុងការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ជាបន្តបន្ទាប់ដែលខុសស្រឡះពីការពិត ដោយបានចុះផ្សាយថា ”កម្ពុជាបានចល័តសព្វាវុធធុនធ្ងន់ នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ” ហើយត្រូវបានបណ្តាញសារព័ត៌មានរបស់ថៃ មួយចំនួនបានដកស្រង់ និងចេញផ្សាយជាបន្តបន្ទាប់ ក្នុងចេតនាបំភ័ន្តសាធារណមតិជាតិ និងអន្តរជាតិ និងយកមកធ្វើជាលេស ដើម្បីបង្កឱ្យមានភាពតានតឹង ផ្នែកយោធាជាមួយកម្ពុជាឡើងវិញ ។

ការចោទប្រកាន់នេះ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បដិសេធ និងគូសបញ្ជាក់នូវការពិតថា ការលើកឡើងរបស់ផេកផ្លូវការ របស់កងទ័ពភូមិភាគទី១ថៃ និងបណ្តាញសារព័ត៌មានថៃមួយចំនួន ដែលថាកម្ពុជាបានចល័តសព្វាវុធធុនធ្ងន់នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ គឺជាព័ត៌មានមិនពិត ។ កងកម្លាំងរបស់កម្ពុជា មិនបានធ្វើសកម្មភាពណាមួយដែលរំលោភបំពាន លើកិច្ចព្រមព្រៀងបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពរវាងកម្ពុជានិងថៃ ដូចការលើកឡើង របស់បណ្តាញសង្គម និងសារព័ត៌មានថៃនោះឡើយ៕
