ពលរដ្ឋ និងអតីតពលករខ្មែរជិត ២ពាន់នាក់បានចូលរួម និងទទួលបានការងារ ធ្វើតាមរយៈពិព័រណ៌ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅខេត្តសៀមរាប
ភ្នំពេញ៖ ពលរដ្ឋខ្មែរ និងអតីតពលករខ្មែរ ត្រឡប់មកពីប្រទេសថៃ ជិត ២ពាន់នាក់ បានចូលរួម និងទទួលបាន ឱកាសការងារ ធ្វើបឋមតាមរយៈពិព័រណ៌ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈកាលពីថ្ងៃទី៦ និងថ្ងៃទី៧ ខែធ្នូ កន្លងទៅ នៅខេត្តសៀមរាប។ នេះបើតាមការបញ្ជាក់របស់លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

អ្នកនាំពាក្យដដែលរូបនេះបានលើកឡើងថា ពិព័រណ៌ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីពេលកន្លងទៅ មានការចូលរួមពីរោងចក្រសហគ្រាសចំនួន ២៨ ដោយនាំយកឱកាសការងារចំនួន ១២ ៦៧២កន្លែង ជូនដល់ពលរដ្ឋកម្ពុជា ជាពិសេសគឺបងប្អូនអតីតពលករខ្មែរដែលត្រឡប់មកពីថៃ ដោយមានការសម្ភាស និងទទួលបានការងារធ្វើនៅហ្នឹងកន្លែងតែម្តង។

លោក បន្ថែមថា ក្រៅពីការផ្តល់នូវឱកាសការងារដ៏ច្រើនសម្បូរបែប តាមរយៈពិព័រណ៌នេះ ពលរដ្ឋខ្មែរបានយល់ដឹងបន្ថែមអំពីអត្ថប្រយោជន៍របបសន្តិសុខសង្គមនៅពេលចូលបម្រើការងារនៅក្នុងស្រុក ជាពិសេសគឺទទួលបានឱកាសចូលរៀនវគ្គបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដោយឥតគិតថ្លៃផងដែរ។

សូមបញ្ជាក់ផងដែរថា គិតត្រឹមពេលនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានរៀបចំវេទិកាការងារចំនួន ៥៧៩លើកមកហើយ នៅតាមភូមិស្រុក ដើម្បីផ្តល់ឱកាស ការងារដល់ពលរដ្ឋខ្មែរ ជាពិសេសបងប្អូនអតីត ពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ ។ ក្នុងនោះ ពលរដ្ឋខ្មែរជាង ៤៥ម៉ឺននាក់ទទួលបានការងារ ធ្វើតាមរយៈយន្តការក្រសួង និងវិស័យឯកជន។

អ្នកនាំពាក្យរូបនេះក៏សូមអំពាវនាវដល់បងប្អូនអតីតពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ ដែលមានបំណងស្វែងរកការងារធ្វើ សូមទាក់ទងមកលេខ ១២៩៧ ដើម្បីទទួលបានឱកាសការងារធ្វើ និងការបណ្តុះបណ្តាលជំនាញ បច្ចេកទេស និងវិជ្ជាជីវៈ ដោយឥតគិតថ្លៃ ដែលមន្ត្រីក្រសួងការងារ នៅរងចាំទទួលទូរសព្ទរបស់បងប្អូន ៧ថ្ងៃក្នុងមួយសប្តាហ៍៕


