ក្រសួងការងារ អំពាវនាវ ដល់កម្មសិក្សាការី និងពលករនៅជប៉ុន បង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះរញ្ជួយដី និងលទ្ធភាព នៃការកើតឡើង នូវរលកយក្សស៊ូណាមិ
ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអំពាវនាវដល់កម្មសិក្សាការី និងពលករជំនាញ ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសជប៉ុន ជាពិសេស ក្នុងខេត្តរងផលប៉ះពាល់ ដោយសារគ្រោះរញ្ជួយដី និងការប្រកាសអាសន្ន អំពីលទ្ធភាពនៃការកើតឡើងនូ វរលកយក្សស៊ូណាមិ សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងបន្តយកចិត្តទុកដាក់ តាមដានស្ថានការណ៍ ព្រមទាំងអនុវត្តតាមការណែនាំ របស់អាជ្ញាធរជប៉ុន ។ នេះបើយោងតាមសេចក្ដីជូនដំណឹង របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី៨ ខែធ្នូ។
សេចក្ដីជូនដំណឹង បានឱ្យដឹងថា នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង១១ និង១៥នាទីយប់ (ម៉ោងនៅប្រទេសជប៉ុន) មានគ្រោះរញ្ជួយដីកម្រិត ៧,៦វ៉ិចទ័រ នៅភាគខាងកើតនៃខេត្ត Aomori ដែលធ្វើឱ្យមានការញ្ជួយខ្លាំងនៅខេត្ត Aomori, Hokkaido និងខេត្តIwate ។ បន្ថែមលើនេះ អាជ្ញាធរជប៉ុន ក៏បានប្រកាសអាសន្ន អំពីលទ្ធភាពនៃការកើតឡើង នូវរលកយក្សស៊ូណាមិនៅស្រុក មួយចំនួនក្នុងខេត្តខាងលើផងដែរ។
ក្រសួងការងារ បាននិងកំពុងតាមដានស្ថានការណ៍វិវត្តន៍នៃករណីនេះ ដោយធ្វើការយ៉ាងជិតស្និទ្ធជាមួយស្ថាន ឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន និងទីភ្នាក់ងារជ្រើសរើសឯកជនទាំងអស់ ដើម្បីធានាថា បងប្អូនកម្មសិក្សាការី-ពលករជំនាញដែលកំពុងស្នាក់នៅ និងធ្វើការនៅក្នុងខេត្តដែលរងផលប៉ះពាល់ទទួលបាន ការយកចិត្តទុកដាក់ និងស្ថិតនៅទីកន្លែងសុវត្ថិភាព។
បន្ថែមលើនេះ ក្រសួងការងារ ក៏បានអំពាវនាវ ដល់បងប្អូនកម្មសិក្សាការី-ពលករជំនាញ ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសជប៉ុន ជាពិសេសក្នុងខេត្តដែលរងផលប៉ះពាល់ សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងបន្តយកចិត្តទុកដាក់តាមដានស្ថានការណ៍ ព្រមទាំងអនុវត្តតាមការណែ នាំរបស់អាជ្ញាធរជប៉ុន។
បើតាមក្រសួងការងារ ក្នុងករណី ទទួលរង ផលប៉ះពាល់ ឬទទួលបានព័ត៌មាន អំពីបងប្អូនកម្មសិក្សា ការី-ពលករជំនាញ ដែលរងផលប៉ះពាល់ ឬមានសំណួរ សូមទំនាក់ទំនងអនុព័ន្ធការងារ (ទូរស័ព្ទលេខ៖ ០៨០ ៣៣៦២ ៦១៦៨) ឬស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន (ទំព័រ Facebook: Royal Embassy of Cambodia in Japan ឬទូរស័ព្ទលេខ៖ ០៨០ ៤៦៨៩ ៩៣៧៤) ឬនាយកដ្ឋានមុខរបរ និងហត្ថពលកម្ម នៃក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ (ទំព័រ Facebook៖ ការិយាល័យរកការឱ្យធ្វើនៅបរទេសទី៣-Japan Office ឬទូរស័ព្ទលេខ៖ +៨៥៥ ៨៩ ៩៥៧ ៧៨៩) ឬក្រុមតេឡេក្រាម “សម្រាប់ពលករទេសន្តរប្រវេសន៍” ដែលមានតំណភ្ជាប់ https://t.me/KhmerMigrant Worker ឬ QR code ដូចមានភ្ជាប់ជូនក្នុងសេចក្ដីជូនដំណឹង៕

