ព័ត៌មានអន្តរជាតិ

មេដឹកនាំប្រទេសចំនួន៤​ ជួបពិភាក្សាគ្នា នៅទីក្រុងឡុងដ៍ ស្តីពីសន្តិភាពអ៊ុយក្រែន

ឡុងដ៍៖​ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer បានជួបជាមួយប្រធានាធិបតី អ៊ុយក្រែន លោក វូឡូឌីមៀ​ ហ្សេឡិនាស្គី​ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល​ ម៉ាក្រុង និងអធិការបតីអាល្លឺម៉ង់ លោក Friedrich Merz ដើម្បីពិភាក្សាអំពីសន្តិភាពអ៊ុយក្រែន។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់រដ្ឋាភិបាលអង់គ្លេស បន្ទាប់ពីកិច្ចប្រជុំ មេដឹកនាំបានគូសបញ្ជាក់ពីតម្រូវការសម្រាប់ «សន្តិភាពដ៏យុត្តិធម៌ និងយូរអង្វែងនៅក្នុងប្រទេសអ៊ុយក្រែន» ដែលរួមបញ្ចូលទាំងការធានាសន្តិសុខ។

ប្រព័ន្ធផ្សព្វផ្សាយអង់គ្លេសបានរាយការណ៍ថា លោក Merz បានឧ្យដឹងមុនកិច្ចប្រជុំថា លោក «មានការសង្ស័យ​ ចំពោះព័ត៌មានលម្អិតមួយចំនួន​ ដែលយើងកំពុងឃើញនៅក្នុងឯកសារដែលមកពីភាគីសហរដ្ឋអាមេរិក ប៉ុន្តែយើងត្រូវនិយាយអំពីវា»។

នៅថ្ងៃសៅរ៍ គណៈប្រតិភូសហរដ្ឋអាមេរិក និងអ៊ុយក្រែន​ បានបញ្ចប់កិច្ចពិភាក្សា រយៈពេលបីថ្ងៃនៅទីក្រុងម៉ៃអាមី រដ្ឋ Florida ដោយផ្តោតលើបញ្ហាទឹកដី និងការធានាសន្តិសុខ របស់សហរដ្ឋអាមេរិក​ សម្រាប់អ៊ុយក្រែន នេះបើយោង តាមប្រព័ន្ធផ្សព្វផ្សាយអនឡាញ របស់សហរដ្ឋអាមេរិក Axios៕

To Top