លោកស្រីម៉ាលី សុជាតា ៖ គោលដៅបាញ់ប្រហារ ការពារខ្លួន របស់ទ័ពកម្ពុជា ផ្តោតលើយោធាថៃ
ភ្នំពេញ ៖ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យ ក្រសួងការពារជាតិកម្ពុជា បានថ្លែងថា គោលដៅ នៃការបាញ់ប្រហារ ការពារខ្លួនរបស់វីរកងទ័ពកម្ពុជា ផ្តោតសំខាន់តែទៅលើគោលដៅយោធាថៃ តែប៉ុណ្ណោះ ។
ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី « បច្ចុប្បន្នភាព ស្តីពីស្ថានការណ៍ព្រំដែន កម្ពុជា-ថៃ បន្ទាប់ពីកងទ័ពថៃ បានបើកការវាយប្រហារ មុនមកលើកងទ័ព និង ជនស៊ីវិលកម្ពុជា » នៅព្រឹកថ្ងៃទី១០ ធ្នូ អ្នកនាំពាក្យក្រសួង ការពារជាតិ មានប្រសាសន៍ថា គោលដៅរបស់កម្ពុជា បាញ់តបតទៅភាគីថៃវិញ ផ្តោតគោលដៅ របស់យោធាថៃប៉ុណ្ណោះ ខុសប្លែកពីយោធាថៃ បាញ់សំដៅមកលើប្រាសាទនានា របស់កម្ពុជា ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក ដែលមកពេលនេះ បានប៉ះពាល់ប្រាសាទព្រះវិហារ និង ប្រាសាទតាក្របី ។ បន្ថែមពីលើនេះ យោធាថៃ ក៏បាញ់ឆ្ពោះមកលើផ្ទះ របស់ប្រជាពលរដ្ឋខ្មែរ ដែលបានធ្វើឲ្យជនស៊ីវិល ស្លូតត្រង់ របស់កម្ពុជាភៀសខ្លួន រត់រកកន្លែងសុវត្ថិភាព ។
លោកស្រីបញ្ជាក់ថា “គោលដៅ នៃការប្រហារពីសំណាក់ របស់កងកម្លាំងប្រដាប់អាវុធ គ្រប់ប្រភេទ ការពារខ្លួនរបស់កម្ពុជា ផ្តោតគោលដៅរបស់យោធាថៃប៉ុណ្ណោះ មិនសំដៅលើជនស៊ីវិល ឬក៏ទីកន្លែងស៊ីវិលណាមួយនោះទេ”។
អ្នកនាំពាក្យ បានអំពាវនាវឲ្យភាគីថៃ វិលត្រឡប់មកអនុវត្តវិញ នូវបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួម ស្តីពី កិច្ចព្រមព្រៀង សន្តិភាពកម្ពុជា-ថៃ ដែលចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ក្រោមការធ្វើជា សាក្សីរបស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក និងលោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងប្រធានអាស៊ានប្តូរវេន ៕
