រដ្ឋមន្ដ្រីមហាផ្ទៃកម្ពុជា បង្ហាញការជឿជាក់លើផែនការ សហប្រតិបត្តិការ រវាងស្ថាប័នអក្សរសម្ងាត់ កម្ពុជា-វៀតណាម
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ បានចាត់ទុកផែនការសហប្រតិបត្តិការ ប្រចាំឆ្នាំរវាងស្ថាប័ន អក្សរសម្ងាត់នៃរដ្ឋាភិបាលកម្ពុជា-វៀតណាម នឹងរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កាន់តែជិតស្និទ្ធ នៅក្នុងវិស័យអក្សរសម្ងាត់។

នេះបើតាមខ្លឹមសារលទ្ធផល នៃជំនួបរវាងលោក ឧបនាយករដ្ឋមន្ត្រី ស សុខា និងលោក ង្វៀន ហៀវហុង អនុប្រធានគណៈអក្សរសម្ងាត់ រដ្ឋាភិបាលវៀតណាម នាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥នេះ។

ក្នុងជំនួបនោះ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃកម្ពុជា បានថ្លែងអំណរគុណដល់គណៈអក្សរសម្ងាត់រដ្ឋាភិបាលវៀតណាម ដែលតែងតែផ្តល់កិច្ចសហការជិតស្និទ្ធនៅក្នុងវិស័យអក្សរសម្ងាត់ ដោយនេះជាការរួមចំណែកយ៉ាងសំខាន់ដល់ការពង្រឹង និងពង្រីកទំនាក់ទំនង ព្រមទាំងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ (កម្ពុជា-វៀតណាម) ជាពិសេសរវាងស្ថាប័នទាំងពីរ។

ក្នុងឱកាសនោះដែរ ប្រមុខក្រសួងមហាផ្ទៃ ក៏បានផ្តាំផ្ញើ ការសាកសួរសុក្ខទុក្ខ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោក ង្វៀន ង៉ុកថេម ប្រធានគណៈអក្សរសម្ងាត់រដ្ឋាភិបាល វៀតណាម ដែលជានិច្ច កាលបានជួយឧបត្ថម្ភគាំទ្រ វិស័យអក្សរសម្ងាត់ដល់ភាគីកម្ពុជា នាពេលកន្លងមក។
នាឱកាសនោះ ភាគីទាំងពីរ ក៏បានវាយតម្លៃខ្ពស់ ចំពោះទំនាក់ទំនង វិស័យអក្សរសម្ងាត់រវាងភាគីទាំងពីរ ព្រោះវិស័យអក្សរសម្ងាត់ ដើរតួនាទីសំខាន់ប្រៀប ដូចជាខែលការពាររាល់ការសម្ងាត់របស់រដ្ឋាភិបាល ក្នុងការធានាសន្តិសុខ ជូនជាតិ និងប្រជាជន ដើម្បីបុព្វហេតុរួមនៃសុខសន្តិភាព ភាពសុខដុមរមនា ផ្ដល់លទ្ធភាពដល់ការបន្តការអភិវឌ្ឍសង្គមជាតិ កាន់តែរីកចម្រើន៕
