រដ្ឋមន្ដ្រីមហាផ្ទៃ ៖ ការបង្ក្រាបបទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា បន្តធ្វើដោយមិនដកដៃ ខណៈសមត្ថកិច្ច រកឃើញជនជាតិថៃ ៧៥នាក់ ក្នុងប្រតិបត្តិការ បទល្មើសបច្ចេកវិទ្យា
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានលើកឡើងតាមបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥នេះ ថា ការបង្ក្រាបបទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា នៅតែបន្តធ្វើដោយមិនដកដៃ ដើម្បីសុវត្ថិភាពមនុស្សជាតិ ។

ជាក់ស្ដែងនៅរសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ ក្រុមប្រតិបត្តការជំនាញទី១ នៃគណៈបញ្ជាការដឹកនាំស្រាវជ្រាវ ស៊ើបអង្កេត និងបង្រ្កាបបទល្មើសគ្រប់ប្រភេទ នៃអគ្គស្នងការដ្ឋាន នគរបាលជាតិ សហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ក្រោមការសម្របសម្រួលនីតិវិធីពីព្រះរាជអជ្ញា នៃអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ បានស្រាវជ្រាវ និងបង្ក្រាបបទល្មើសឆបោក តាមប្រព័ន្ធអនឡាញ ចំនួន ១ករណីទៀត ក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ក្នុងប្រតិបត្តិការបង្ក្រាបនោះ សមត្ថកិច្ច បានរកឃើញជនជាតិថៃ ចំនួន ៧៥នាក់ (ស្រី ៤៨នាក់) និងវត្ថុតាង រួមមាន ៖ កុំព្យូទ័រយួរដៃ ចំនួន ៦៩គ្រឿង Ipad ចំនួន ៥គ្រឿង និងទូរស័ព្ទដៃ ចំនួន ៩២គ្រឿង ។ ជនសង្ស័យ និងវត្ថុតាង ត្រូវបានឃាត់ខ្លួន និងប្រមូលយក ក្នុងអំឡុងពេលពួកគេ កំពុងប្រតិបត្តិការប្រព្រឹត្តបទល្មើសតាមប្រពន្ធ័បច្ចេកវិទ្យា។ បច្ចុប្បន្ន ជនជាតិថៃ ទាំង ៧៥នាក់នោះ កំពុងបន្តនីតិវីធីនៅអគ្គនាយកដ្ឋាន អន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ។

លទ្ធផលនៃកិច្ចប្រតិបត្តិការនេះ គឺជាទឡ្ហីករថ្មីមួយទៀត ដែលបញ្ជាក់យ៉ាងច្បាស់ថា កម្លាំងនគរបាលជាតិ នៃក្រសួងមហាផ្ទៃ និងស្ថាប័នពាក់ព័ន្ធ បានកំពុងយកចិត្តទុកដាក់អនុវត្តយ៉ាងម៉ឺងម៉ាត់បំផុត ស្របតាមច្បាប់ និងគោលនយោបាយ ព្រមទាំងបទបញ្ជាដឹកនាំ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ដើម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា ដូចដែលកម្ពុជា បានប្ដេជ្ញាចិត្តចូល រួមសហការដោះស្រាយបញ្ហានេះ ជាមួយប្រទេសជាមិត្ត និងសហគមន៍អន្តរជាតិ៕
