ព័ត៌មានជាតិ

កាណាដា តាមដាន ចំពោះការផ្ទុះជម្លោះព្រំដែនកម្ពុជា-ថៃ

ភ្នំពេញ ៖ លោក គ្រីស្ទាន អង់ជេឡូ ដេសរ៉ូស ឯកអគ្គរដ្ឋទូតកាណាដាប្រចាំកម្ពុជា បានសម្តែងក្តីព្រួយបារម្ភ និងបានតាមដានដោយយកចិត្តទុកដាក់ជាខ្លំាង ចំពោះការផ្ទុះសង្រ្គាមតាមព្រំដែនកម្ពុជា-ថៃ ។

ការបង្ហាញក្តីព្រួយបារម្ភរបស់ឯកអគ្គរដ្ឋទូតប្រទេសកាណាដាប្រចាំកម្ពុជានេះ ក្នុងជំនួបពិភាក្សាការងារជាមួយសម្ដេច ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែធ្នូ ។

ក្នុងជំនួបនោះលោកទូតបញ្ជាក់ពីកិច្ចខិតខំរួមចំណែក របស់កាណាដាក្នុងការបញ្ចប់ជម្លោះនេះ ដោយសន្តិវិធី ផ្នែកលើច្បាប់អន្តរជាតិ ដើម្បីនាំមកនូវសុខសុវត្ថិភាព សម្រាប់ពលរដ្ឋស្លូតត្រង់ នៃប្រទេសទំាងពីរ។

ឆ្លើយតបការបារម្ភពីជម្លោះព្រំដែនកម្ពុជា-ថៃ ដែលកើតពីការឈា្លនពានរបស់ប្រទេសថៃមកលើកម្ពុជានោះ សម្តេចប្រធានរដ្ឋសភាគូសបញ្ជាក់ថា តាមពិតទៅជម្លោះព្រំដែនរវាងប្រទេសទំាងពីរបានកើតមាន ជាយូរមកហើយ ដោយសារការប្រើប្រាស់ផែនទីខុសគ្នា។ កម្ពុជាប្រើប្រាស់ផែនទីដែលអន្តរជាតិទទួលស្គាល់ចុះហត្ថលេខាទទួលស្គាល់ដោយបារាំងនិងសៀម ចំណែកភាគីថៃប្រើប្រាស់ផែនទីឯកតោភាគី ។

សម្តេចប្រធានរដ្ឋសភាបន្តថា ដោយធ្លាប់ឆ្លងកាត់ភ្លើងសង្រ្គាមជាច្រើនទសវត្សរ៍ កម្ពុជាបានស្គាល់រស់ជាតិឈឺចាប់ និងវិនាសកម្មពីភ្លើងសង្រ្គាម ។ ដូច្នេះហើយបានជាកម្ពុជាប្រកាន់យកភាពអត់ធ្មត់ ស្វែងរកដំណោះស្រាយដោយសន្តិវិធី គោរពកិច្ចព្រមព្រៀងនានា គោរពច្បាប់អន្តរជាតិ និងដោយសារមិនចង់ឱ្យពលរដ្ឋទាំងសងខាងរងគ្រោះ ទទួលការលំបាកពីភ្លើងសង្រ្គាម។ ប៉ុន្តែភាគីថៃបានចិញ្ចឹមចិត្តឈ្លានពានកម្ពុជា បើកការវាយប្រហារមកលើកម្ពុជាជាញឹកញាប់ ។

សម្តេច ឃួន សុដារី សង្កត់ធ្ងន់ថា ការឈ្លានពានចុងក្រោយរបស់ថៃ មកលើអធិបតេយ្យកម្ពុជាមានលក្ខណៈឃោរឃៅ អមនុស្សធម៌ ធ្វើឱ្យប៉ះពាល់សុខសន្តិភាព ស្ថិរភាពក្នុងតំបន់ និងសកលលោក រំលោភច្បាប់មនុស្សធម៌អន្តរជាតិ ធ្វើឱ្យពលរដ្ឋស្លូតត្រង់ជាជនស៊ីវិលស្លាប់បាត់បង់ជីវិត និងរងរបួសជាច្រើននាក់ ព្រមទាំងបានបំផ្លិចបំផ្លាញសម្បត្តិរដ្ឋ និងឯកជនយ៉ាងច្រើនសន្ធឹកសន្ធាប់ ៕

To Top