ក្រសួងការបរទេសកម្ពុជា ច្រានចោល នូវការអះអាងបំភាន់ថា «កម្ពុជា បានឈ្លានពានថៃ»
ភ្នំពេញ ៖ លោកស្រី អ៊ាត សោភា រដ្ឋលេខាធិការប្រចាំការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានច្រានចោលនូវការអះអាងបំភាន់ថា កម្ពុជា បានឈ្លានពានប្រទេសថៃ និង បានផ្តើមការវាយប្រហារ ដោយបានគូសបញ្ជាក់ថា ការវាយលុកថ្មីៗមកលើកម្ពុជា គឺជាការរំលោភយ៉ាងធ្ងន់ធ្ងរ លើច្បាប់មនុស្សធម៌អន្តរជាតិ ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ ក្រសួងការបរទេស។
នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ លោកស្រី អ៊ាត សោភា បានដឹកនាំការធ្វើបទបង្ហាញ ស្តីពីការផ្ទុះឡើងនូវការវាយប្រហារ ដោយអាវុធ នៅតាមបណ្តោយព្រំដែន កម្ពុជា-ថៃ ជូនដល់ប្រធាន និងតំណាងបេសកកម្មការទូតចំនួន៣៣ ប្រទេស និងទីភ្នាក់ងារអង្គការអន្តរជាតិ នៅទីក្រុងភ្នំពេញ ។ ប្រធាន នៃស្ថានតំណាងកម្ពុជានៅបរទេស និង សមាជិកក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា ក៏បានចូលរួមស្តាប់បទបង្ហាញនេះ តាមប្រព័ន្ធវីដេអូ ផងដែរ។
លោកស្រី រដ្ឋលេខាធិការប្រចាំការ អ៊ាត សោភា បានរំលឹកឡើងវិញនូវការវិវត្តនៃព្រឹត្តិការណ៍ មុនឈានដល់ការបើកការវាយលុករបស់ថៃមកលើកម្ពុជា នៅរសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ ជាពិសេស ការផ្ទុះមីន កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ ខណៈដែលកងកម្លាំងថៃនៅតែបន្តសកម្មភាពរំលោភ បំពាន ការបាញ់ប្រហារ លើជនស៊ីវិលនៅភូមិព្រៃចាន់ ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ និងការលែងទទួលស្គាល់ សេចក្តីថ្លែងការណ៍រួម ទីក្រុងគូឡាឡាំពួ ថ្ងៃទី២៦ ខែតុលា ឆ្នាំ ២០២៥ ដោយប្រទេសថៃ ដោយផ្អែកលើការចោទប្រកាន់មកលើកម្ពុជាអំពីបញ្ហាគ្រាប់មីនថ្មី ដែលគ្មាន មូលដ្ឋាន។
លោកស្រី រដ្ឋលេខាធិការប្រចាំការ បានថ្កោលទោសការវាយប្រហារ របស់ថៃដោយប្រើអាវុធធុនធ្ងន់ រួមមាន រថក្រោះ កាំភ្លើងធំ កាំភ្លើងត្បាល់ យន្តហោះចម្បាំង និង ផ្សែងពុលមកលើទីតាំងកម្ពុជាជាច្រើន ដែល បានបណ្តាលឲ្យមានមនុស្សស្លាប់ និងរងរបួសមួយចំនួន ព្រមទាំងបំផ្លិចបំផ្លាញ ផ្ទះសម្បែង ហេដ្ឋារចនា សម្ព័ន្ធសាធារណៈ និងសម្បត្តិបេតិកភណ្ឌជាតិ ដែលត្រូវបានការពារ យ៉ាងដំណំ។
លោកស្រី បានច្រានចោល នូវការអះអាងបំភាន់ថា កម្ពុជាបានឈ្លានពានប្រទេសថៃ និងបានផ្តើមការវាយប្រហារ ដោយបានគូសបញ្ជាក់ថា ការវាយលុកថ្មីៗមកលើកម្ពុជា គឺជាការរំលោភយ៉ាងធ្ងន់ធ្ងរលើច្បាប់មនុស្សធម៌អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងអាស៊ាន និងស្មារតីនៃសហគមន៍អាស៊ាន។
លោកស្រី បានលើកឡើងអំពីការប្រើប្រាស់កម្លាំង ពីសំណាក់យោធាថៃ ក្នុងការកំណត់ព្រំដែន ដែលធ្វើឲ្យប៉ះពាល់ដល់វឌ្ឍភាពសំខាន់ៗ នៃការងារបោះបង្គោលព្រំដែនលេខ៥២-៥៩ និង៤២-៤៧ ដែលសម្រេចបានដោយគណៈកម្មការ ចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ៕
