លោកស្រី ម៉ាលី សុជាតា៖ សកម្មភាពឈ្លានពាន ដោយប្រដាប់អាវុធរបស់យោធាថៃ បានបង្ករឱ្យជនស៊ីវិលស្លូតត្រង់កម្ពុជា ៩នាក់ស្លាប់ និង៤៦នាក់រងរបួស
ភ្នំពេញ ៖ លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានគូសបញ្ជាក់ថា សកម្មភាពឈ្លានពានដ៏ឃោឃៅ និងដ៏សាហាវប្រដាប់ ដោយអាវុធធន់ធ្ងន់ របស់យោធាថៃ លើដែនអធិបតេយ្យកម្ពុជា បានបង្ករឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរ រហូតជនស៊ីវិលស្លូតត្រង់កម្ពុជា៩នាក់ បាត់បង់ជីវិត ក្នុងនោះមានទារកម្នាក់ និងជនស៊ីវិលស្លូតត្រង់កម្ពុជា រងរបួស៤៦នាក់ ។
តាមរយៈការបច្ចុប្បន្នភាព ស្តីពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ បន្ទាប់ពីកងទ័ពថៃ បានបើកការវាយប្រហារមុន មកលើកងទ័ព និងជនស៊ីវិលកម្ពុជា នារសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ លោកស្រី ម៉ាលី សុជាតា បានបញ្ជាក់ថា នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ សកម្មភាពដ៏កម្រោលរបស់យោធាថៃ បានបើកការបាញ់ប្រហារ ដោយមិនរើសគោលដៅ ចូលមកទីប្រជុំជន និងភូមិឋានរបស់ប្រជាពលរដ្ឋរស់នៅ ជាពិសេសក្នុងសាលារៀនរបស់កុមារតូចៗ និងសូម្បីតែនៅថ្ងៃទី១០ មុននេះបន្តិច ក៏មានសកម្មភាពរបស់យោធាថៃ បានបាញ់ចូលទៅក្នុងសាលាបឋមសិក្សាមួយកន្លែង នៅក្នុងស្រុកស្វាយចេកផងដែរ ។
ជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងការពារជាតិ ចាត់ទុកការបំផ្លិចបំផ្លាញប្រាសាទតាក្របី ដែលជាទីសក្ការៈរបស់កម្ពុជា ដោយទង្វើដ៏សាហាវរបស់យោធាថៃ បានបង្ហាញអំពីភាពអសីលធម៌ និងការប្រមាថមាក់ងាយដល់វប្បធម៌ អរិយធម៌ និងជាទីសក្ការៈ របស់មរតកមនុស្សជាតិ ជាពិសេសមរតកវប្បធម៌ ដែលដូនតាខ្មែរ បន្សល់ទុកដែលមានតម្លៃមិនអាចកាត់ថ្លៃបាន ។
ក្នុងនោះ លោកស្រី ម៉ាលី សុជាតា មានប្រសាសន៍ថា “សកម្មភាពឈ្លានពានដោយប្រដាប់អាវុធរបស់យោធាថៃ បានបង្កឱ្យខូចខាតធ្ងន់ធ្ងរ ដែលគិតត្រឹមថ្ងៃទី១០ ធ្នូ ឆ្នាំ២០២៥នេះ ប្រជាជនស៊ីវិលស្លូតត្រង់ បានបាត់បង់ជីវិត កើនឡើងរហូតដល់៩នាក់ ក្នុងនោះមានទារកម្នាក់ផងដែរ និងរងរបួសជនស្លូតត្រង់ចំនួន៤៦នាក់” ។
ទន្ទឹមនឹងនេះ ចំពោះតួរលេខជនភៀសសឹក ដោយសារយោងធាថៃ បើការឈ្លានពានវាយប្រហារមកលើកម្ពុជា ក្នុងភូមិសាស្ត្រ យោធភូមិភាគទី៤ និងទី៥ ចាប់តាំងពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥នេះ គិតត្រឹមវេលាម៉ោង១៧និង០០នាទីរសៀល ដែលជម្លៀសមកទីសុវត្ថិភាព និងផ្ទះសាច់ញាតិ មានចំនួន៦ខេត្ត រួមមាន៣៧ ១១៥គ្រួសារ ស្មើប្រមាណនឹង១២៧ ១៣៣នាក់ ក្នុងនោះរួមមានទារក កុមារតូចៗ ស្ត្រីមានផ្ទៃពោះ ចាស់ជរា ជនពិការ នៅខេត្តព្រះវិហារ ខេត្តសៀមរាប ខេត្តឧត្តរមានជ័យ ខេត្តបន្ទាយមានជ័យ ខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង ។
បន្ថែមលើនេះ កម្ពុជា កំពុងប្រមែលប្រមូលភស្តុតាង ដើម្បីប្តឹងទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ដែលកម្ពុជា ជាសមាជិកផងដែរ៕
ដោយ៖ ដារាត់| ដើមអម្ពិល
