លោក ត្រាំ ជំរុញឧ្យលោក ហ្សេឡិនស្គី ទទួលយក ផែនការសន្តិភាព យ៉ាងឆាប់រហ័ស
វ៉ាស៊ីនតោន៖ រដ្ឋបាលលោក ដូណាល់ ត្រាំ កំពុងជំរុញយ៉ាងខ្លាំងឱ្យប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី ទទួលយកកិច្ចព្រមព្រៀងសន្តិភាព ដែលសម្របសម្រួល ដោយសហរដ្ឋអាមេរិក ដែលអាចនាំឱ្យមានការបាត់បង់ទឹកដី ដ៏សំខាន់សម្រាប់អ៊ុយក្រែន នេះបើយោង តាមប្រព័ន្ធផ្សព្វផ្សាយ អនឡាញរបស់សហរដ្ឋអាមេរិក Axios។
ដោយដកស្រង់សម្តីមន្ត្រីអ៊ុយក្រែន ពីរនាក់ Axios បានចុះផ្សាយថា ប្រេសិតពិសេសប្រធានាធិបតីអាមេរិកលោក Steve Witkoff និងកូនប្រសារ របស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ គឺលោក Jared Kushner បានពិភាក្សាអំពីផែនការ នេះជាមួយលោក ហ្សេឡិនស្គី ក្នុងការហៅ ទូរស័ព្ទរយៈពេលពីរម៉ោងកាលពីថ្ងៃសៅរ៍ ដោយទាមទារឱ្យមានការ យល់ព្រមច្បាស់លាស់ ពីមេដឹកនាំអ៊ុយក្រែន។
នៅពេលសួរនៅក្នុងបទសម្ភាសន៍ជាមួយ Politico ដែលចេញផ្សាយ នៅថ្ងៃអង្គារថាតើលោកបានកំណត់ពេលវេលា សម្រាប់លោក ហ្សេឡិនស្គី ដើម្បីសម្រេចចិត្ត លើកិច្ចព្រមព្រៀងនេះឬអត់ លោក ត្រាំ បានឧ្យដឹងកាលពីថ្ងៃចន្ទថា “មែនហើយ លោកនឹងត្រូវចាប់ផ្តើម ហើយទទួលយកអ្វីៗ ព្រោះលោកកំពុងចាញ់”។
កាសែត Financial Times បានរាយការណ៍ នៅថ្ងៃអង្គារថា លោក ត្រាំ សង្ឃឹមថានឹងទទួលបានកិច្ចព្រមព្រៀង មួយដែលត្រូវបានព្រមព្រៀងគ្នា ” មុនបុណ្យណូអែល” ហើយលោក ហ្សេឡនាស្គី បានប្រាប់អ្នកសម្របសម្រួល សហរដ្ឋអាមេរិកថា លោកត្រូវការពេលវេលា ដើម្បីពិគ្រោះយោបល់ ជាមួយសម្ព័ន្ធមិត្តអឺរ៉ុប។
លោក Witkoff និងលោក Kushner បានបញ្ចប់ការចរចារយៈពេលបីថ្ងៃ ជាមួយអ្នកចរចាកំពូល របស់អ៊ុយក្រែន នៅថ្ងៃសៅរ៍នៅទីក្រុង Miami រដ្ឋ Florida សហរដ្ឋអាមេរិក បន្ទាប់ពីកិច្ចប្រជុំ ប្រហែល ៥ម៉ោងជាមួយប្រធានាធិបតី រុស្ស៊ីលោក វ្លាឌីមៀ ពូទីន លើកិច្ចព្រមព្រៀងនៅទីក្រុងមូស្គូ កាលពីដើមសប្តាហ៍មុន៕
