ព័ត៌មានអន្តរជាតិ

លោក ដូណាល ត្រាំ រំពឹងថា នៅថ្ងៃព្រហស្បតិ៍នេះ លោកនឹងទូរស័ព្ទ ទៅមេដឹកនាំកម្ពុជា និងថៃ ដើម្បីទាមទារ ឱ្យបញ្ឈប់ ការប៉ះទង្គិចគ្នាឡើងវិញ របស់ប្រទេសទាំងពីរ‎

បរទេស: ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយថា លោករំពឹងថានឹងថ្លែង នៅថ្ងៃព្រហស្បតិ៍ ជាមួយមេដឹកនាំថៃ និងកម្ពុជា ដើម្បីទាមទារឱ្យបញ្ឈប់ ការប៉ះទង្គិចគ្នាឡើងវិញ របស់ប្រទេសទាំងពីរ។

‎យោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ ថា លោក ត្រាំ បានប្រាប់អ្នកយកព័ត៌មាន នៅសេតវិមាន កាលពីថ្ងៃពុធថា “ខ្ញុំគិតថាខ្ញុំត្រូវបានកំណត់ ពេលនិយាយជាមួយពួកគេ នៅថ្ងៃស្អែក”។

‎ថ្លែងទៅកាន់អ្នកយកព័ត៌មាន នៅថ្ងៃព្រហស្បតិ៍ នាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul បាននិយាយថា មិនទាន់មានការសម្របសម្រួល ណាមួយជាមួយលោក ត្រាំ នៅឡើយទេ។

‎លោក Anutin បាននិយាយថា “ប៉ុន្តែប្រសិនបើមានការហៅទូរស័ព្ទពីប្រធានាធិបតីអាមេរិក យើងពិតជានឹងលើកទូរស័ព្ទ ហើយយើងនឹងពន្យល់គាត់ … គាត់មិនមានព័ត៌មានលម្អិតអំពីស្ថានភាពជាងខ្ញុំទេ”។

‎លោកនាយករដ្ឋមន្ត្រីថៃរូបនេះបានបន្ថែមថា “នេះជាបញ្ហារវាងប្រទេសទាំងពីរ។ គាត់មានចេតនាល្អក្នុងការឃើញសន្តិភាព ប៉ុន្តែយើងត្រូវពន្យល់ពីបញ្ហា និងមូលហេតុដែលវាប្រែជាបែបនេះ”៕

‎‎ប្រែសម្រួល: ណៃ តុលា

To Top