ព័ត៌មានអន្តរជាតិ

ម៉ិកស៊ិក បដិសេធសំណើ របស់សហរដ្ឋអាមេរិក ក្នុងការវាយប្រហារ ដោយយោធាលើក្រុមជួញដូរគ្រឿងញៀន

ម៉ិកស៊ិក៖ ប្រធានាធិបតីម៉ិកស៊ិក លោក ស្រី Claudia Sheinbaum  បានបដិសេធយ៉ាងដាច់អហង្ការ ចំពោះលទ្ធភាព នៃសកម្មភាពយោធា របស់សហរដ្ឋអាមេរិក ប្រឆាំងនឹងក្រុមជួញដូរគ្រឿងញៀននៅក្នុងប្រទេសម៉ិកស៊ិក។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ លោកស្រី Sheinbaum បានសង្កត់ធ្ងន់ថា កងទ័ពបរទេសនឹងមិនត្រូវបានអនុញ្ញាតឱ្យធ្វើប្រតិបត្តិការនៅលើទឹកដីម៉ិកស៊ិកទេ ដោយលើកឡើងពីអធិបតេយ្យភាពជាតិ ជាកង្វល់ចម្បង។

ការកត់សម្គាល់របស់លោកស្រីបានធ្វើឡើងជាការឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍ម្តងហើយម្តងទៀតរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលបង្ហាញពីការវាយប្រហារដោយយោធាប្រឆាំងនឹងក្រុមជួញដូរគ្រឿងញៀនម៉ិកស៊ិក។ លោកស្រី Sheinbaum បានអះអាងថា សកម្មភាពបែបនេះគឺមិនចាំបាច់ទេ ដោយសារតែកិច្ចព្រមព្រៀងសន្តិសុខ ដែលមានស្រាប់រវាងប្រទេសទាំងពីរ។

លោកស្រី Sheinbaum បានលើកឡើងថា “យើងជាប្រទេសដែលមានអធិបតេយ្យភាព ហើយនឹងមិនទទួលយកអន្តរាគមន៍ពីបរទេសទេ” ដោយបានគូសបញ្ជាក់ពីសារៈសំខាន់ នៃការគោរពគ្នាទៅវិញទៅមកនៅក្នុងទំនាក់ទំនង រវាងសហរដ្ឋអាមេរិក និងម៉ិកស៊ិក នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ទោះបីជាមានភាពខុសគ្នាក៏ ដោយ លោកស្រី Sheinbaum បានបង្ហាញពីការប្តេជ្ញាចិត្តរបស់លោកស្រីក្នុងការរក្សាទំនាក់ទំនងទ្វេភាគីដ៏រឹងមាំ។ លោកស្រីបានបន្ថែមថា “យើង ប្រហែលជាមិនយល់ស្របលើអ្វីៗគ្រប់យ៉ាងទេ ប៉ុន្តែយើងតែងតែស្វែងរកកិច្ច សហប្រតិបត្តិការដ៏ល្អបំផុតរវាងប្រទេសរបស់យើង”៕

To Top