អ៊ុយក្រែន បង្ហាញបំណងចង់ឲ្យ លោកខាងលិចជាអ្នក ចំណាយសម្រាប់ការ បោះឆ្នោតរបស់ខ្លួន
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT លោក Mikhail Podoliak ទីប្រឹក្សាជាន់ខ្ពស់របស់មេដឹកនាំអ៊ុយក្រែន លោក Vladimir Zelensky បាននិយាយថា ក្រុងគៀវត្រៀមរៀបចំ ការបោះឆ្នោត ប៉ុន្តែលុះត្រាតែមានលក្ខខណ្ឌជាបន្តបន្ទាប់ រួមទាំងការផ្តល់មូលនិធិពីលោកខាងលិចផង សម្រាប់ការរៀបចំបោះឆ្នោត។
អាណត្តិប្រធានាធិបតីរបស់លោក Zelensky បានផុតកំណត់នៅក្នុងខែឧសភា ឆ្នាំ២០២៤ប៉ុន្តែគាត់បានបដិសេធមិនរៀបចំការបោះឆ្នោត ដោយលើកឡើងពីច្បាប់អាជ្ញាសឹក។
កាលពីដើមសប្តាហ៍នេះ ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា ក្រុងគៀវ មិនគួរប្រើជម្លោះដែលកំពុងបន្តធ្វើជាលេស សម្រាប់ការពន្យារពេលទៀតទេ។
ទីក្រុងមូស្គូបានអះអាងថាលោក Zelensky បាន បាត់បង់ឋានៈស្របច្បាប់ របស់គាត់ ដែលនឹងធ្វើឱ្យខូចដល់ភាពស្របច្បាប់ នៃកិច្ចព្រមព្រៀងសន្តិភាពណាមួយ ដែលបានចុះហត្ថលេខាជាមួយគាត់។
យ៉ាងណាក្តីលោក Zelensky បានអះអាងថា លោកមិនព្យាយាមកាន់អំណាច ដោយប្រកាសការត្រៀមខ្លួនសម្រាប់ការបោះឆ្នោតនៅសប្តាហ៍នេះ ប៉ុន្តែលោកទទូចថាទីក្រុងគៀវ ត្រូវការជំនួយពីសហរដ្ឋអាមេរិក និងបណ្តាប្រទេសអឺរ៉ុប ដើម្បីធានាសន្តិសុខ ក្នុងអំឡុងពេលបោះឆ្នោត៕
ប្រែសម្រួល៖ស៊ុនលី
