មេដឹកនាំអេហ្ស៊ីប និងបារាំង សង្កត់ធ្ងន់លើកិច្ចខិតខំប្រឹងប្រែង សន្តិភាពតំបន់ហ្គាហ្សា ត្រូវតែនាំទៅរកភាព ជារដ្ឋប៉ាឡេស្ទីន
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ប្រធានាធិបតីអេហ្ស៊ីបលោក Abdel-Fattah al-Sisi និងសមភាគីបារាំងលោកប្រធានាធិបតី Emmanuel Macron បានបញ្ជាក់កាលពីថ្ងៃសុក្រថា កិច្ចខិតខំប្រឹងប្រែងសន្តិភាព នាពេលបច្ចុប្បន្នលើតំបន់ហ្គាហ្សា ត្រូវតែនាំទៅរកការបង្កើតរដ្ឋប៉ាឡេស្ទីនឯករាជ្យមួយ។
ប្រធានាធិបតីអេហ្ស៊ីបបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទ មេដឹកនាំទាំងពីរបានព្រមព្រៀងគ្នាថា កិច្ចខិតខំប្រឹងប្រែងនាពេលបច្ចុប្បន្ននេះ ត្រូវតែអនុវត្តតាមការចាប់ផ្តើម នៃដំណើរការនយោបាយដ៏ទូលំទូលាយ ដែលនាំឱ្យបង្កើតរដ្ឋប៉ាឡេស្ទីន ឯករាជ្យមួយនៅព្រំដែនឆ្នាំ១៩៦៧ ជាមួយក្រុងយេរូសាឡឹមខាងកើតជារដ្ឋធានីរបស់ខ្លួន។
លោក Sisi បានសង្កត់ធ្ងន់លើភាពចាំបាច់ នៃការពង្រឹងបទឈប់បាញ់នៅ Gaza និងបន្តទៅការអនុវត្តដំណាក់កាលទីពីរ នៃផែនការសន្តិភាព។លោកក៏បានសង្កត់ធ្ងន់ផងដែរអំពីសារៈសំខាន់នៃការបង្កើនការចូលនៃជំនួយមនុស្សធម៌ចូលទៅក្នុងស្ទ្រីប និងភ្លាមៗចាប់ផ្តើមដំណាក់កាលស្តារ និងកសាងឡើងវិញនៅដំណាក់កាលដំបូង។
ការអំពាវនាវនេះក៏បានប៉ះពាល់ដល់ ការវិវឌ្ឍន៍នៅតំបន់ West Bank ដោយលោក Sisi បញ្ជាក់ពីការបដិសេធរបស់អេហ្ស៊ីប ចំពោះការរំលោភរបស់អ៊ីស្រាអែល ដោយសង្កត់ធ្ងន់លើតម្រូវការគាំទ្រប្រជាជនប៉ាឡេស្ទីន បង្កើនសម្ពាធអន្តរជាតិដើម្បីបញ្ឈប់ការរំលោភទាំងនេះ និងគាំទ្រអាជ្ញាធរប៉ាឡេស្ទីន។
ជាការឆ្លើយតបពីភាគីបារាំងលោក Macron បានសម្តែងការពេញចិត្តចំពោះតួនាទីដ៏សំខាន់របស់អេហ្ស៊ីបក្នុងការសម្រេចបាននូវស្ថិរភាពក្នុងតំបន់ ជាពិសេសក្នុងការពង្រឹងកិច្ចព្រមព្រៀងបទឈប់បាញ់នៅហ្គាហ្សា នេះបើយោងតាមសេចក្តីថ្លែងការណ៍៕
ប្រែសម្រួល៖ស៊ុនលី
