យោធាថៃ បាញ់ផ្លោងជ្រំសន្ធប់ចេញពីនាវា ទៅតំបន់អូភ្លុកដំរី
ភ្នំពេញ ៖ លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួង ការពារជាតិកម្ពុជា បានលើកឡើងថា យោធាថៃ បានបើកការបាញ់ប្រហារ យ៉ាងសន្ធប់ចេញពីនាវា ដោយគ្មានរើសគោលដៅ មកភូមិសាស្រ្តអូភ្លុកដំរី ក្នុងខេត្តពោធិ៍សាត់ តាំងពីរាត្រីថ្ងៃទី១៥ ធ្នូ ដល់ព្រឹកថ្ងៃ១៦ ធ្នូ ឆ្នាំ២០២៥។
ក្នុងសន្និសីទសារព័ត៌មាន ស្តីពីបច្ចុប្បន្នភាពជម្លោះព្រំដែនកម្ពុជា-ថៃ នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកស្រី ម៉ាលី សុជាតា បានថ្លែងថា ចាប់តាំងពីវេលាម៉ោង២០និង២៧នាទី ថ្ងៃទី១៥ ខែធ្នូ យោធាថៃ បានបាញ់ផ្លោងជ្រំសន្ធឹកសន្ធាប់ ចេញពីនាវាចូលទៅក្នុងភូមិសាស្រ្តអូភ្លុកដំរី ហើយមកដល់ម៉ោង២២និង៣៣នាទី យោធាថៃ បានបន្តបាញ់កាំភ្លើងធំ ចេញពីនាវាចូលទៅក្នុងភូមិសាស្រ្តអូភ្លុកដំរី ។
លោកជំទាវបញ្ជាក់ថា “រហូតមកដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ យោធាថៃនៅបន្តបើកការវាយប្រហារមកកម្ពុជា ។ បន្តមកទៀតនៅម៉ោង១២ និង១៤នាទីរំលងអាធ្រាតយោធាថៃ បានគឃ្លើនបាញ់សំដៅ មកតំបន់អូភ្លុកដំរី ចេញពីនាវាទៅក្នុងភូមិសាស្រ្តអូភ្លុកដំរីបន្ថែមទៀត” ។
អ្នកនាំពាក្យបានអំពាវនាវ ឱ្យសហគមន៍អន្តរជាតិថ្កោលទោស យ៉ាងម៉ឺងម៉ាត់ ចំពោះការរំលោភ បំពានសេចក្តីថ្លែងការណ៍រួម ស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ និងសកម្មភាពឧក្រិដ្ឋកម្ម សង្គ្រាមខុសច្បាប់របស់ថៃ ម្តងហើយម្តងទៀតនេះ ដោយទាមទារឱ្យថៃ ទទួលខុសត្រូវ ទាំងស្រុងចំពោះការ រំលោភបំពានដ៏កំរោលនេះ ។ កម្ពុជាអំពាវនាវឱ្យថៃ បញ្ឈប់រាល់អរិភាពជាបន្ទាន់ ដោយដកកម្លាំងចេញ ពីដែនអធិបតេយ្យរបស់កម្ពុជា និងចៀសវាងសកម្មភាព ឈ្លានពានដែលគំរាមកំហែង ដល់សន្តិភាព និងស្ថិរ ភាពនៅក្នុងតំបន់៕
