ព័ត៌មានជាតិ

ជប៉ុន ផ្តល់ថវិកាជាង ១៤ម៉ឺនដុល្លារ សម្រាប់ការសាងសង់ ជម្រកសម្រាប់ស្ត្រីរងគ្រោះ ដោយការជួញដូរមនុស្ស

ភ្នំពេញ ៖ រដ្ឋាភិបាលជប៉ុន បានផ្តល់ថវិកា ចំនួន ១៤០,៧៨១ ដុល្លារអាមេរិក ដល់ស្ថាប័នទទួលជំនួយចំនួនមួយ ក្រោមគ្រោងការណ៍ជំនួយឥតសំណង សម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ (គូសាណូ) សម្រាប់ការសាងសង់ ជម្រកសម្រាប់ស្ត្រីរងគ្រោះដោយការជួញដូរមនុស្ស និងអគារស្នាក់នៅបុគ្គលិក នៅមជ្ឈមណ្ឌលសំចត និងស្តារនីតិសម្បទា ជនរងគ្រោះកណ្តាលស្ទឹង។

កិច្ចសន្យា ផ្តល់ជំនួយ ត្រូវបានចុះហត្ថលេខា នៅថ្ងៃនេះ ដោយ លោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូត ជប៉ុន ប្រចាំកម្ពុជា និង លោក ជា សុមេធី រដ្ឋមន្ត្រី ក្រសួងសង្គម កិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដើម្បីអនុវត្តគម្រោង ដូចខាងក្រោម ៖

១. គម្រោងសាងសង់ ជម្រកសម្រាប់ស្ត្រីរងគ្រោះ ដោយការជួញដូរមនុស្ស និងអគារស្នាក់នៅបុគ្គលិក សម្រាប់ មជ្ឈមណ្ឌលសំចត និងស្តារនីតិសម្បទា ជនរងគ្រោះកណ្តាលស្ទឹង (ថវិកាចំនួន ១៤០,៧៨១ ដុល្លារអាមេរិក) ស្ថាប័នទទួលជំនួយ ៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។

ជំនួយនេះ នឹងត្រូវបានប្រើប្រាស់ដើម្បីសាងសង់ជម្រកសម្រាប់ស្ត្រីរងគ្រោះ ដោយការជួញដូរមនុស្ស និង សាងសង់អគារស្នាក់នៅបុគ្គលិក សម្រាប់មជ្ឈមណ្ឌលសំចត និងស្តារនីតិសម្បទាជនរងគ្រោះកណ្តាលស្ទឹង ។ អគារទាំងនេះនឹងជួយផ្តល់សុវត្ថិភាព និងការការពារដល់ជនរងគ្រោះ ក៏ដូចជាជួយឱ្យបុគ្គលិកអាចផ្តល់សេវា ថែទាំដែលសមស្រប ។ គម្រោងនេះនឹងជួយគាំទ្រជនរងគ្រោះក្នុងស្ថានភាពងាយរងគ្រោះផ្សេងៗ ទាំងផ្លូវ កាយ ឬផ្លូវចិត្ត ដើម្បីអាចវិលត្រឡប់មកជីវិតប្រចាំថ្ងៃរបស់ពួកគេវិញ ។

សូមរំលឹកថា គម្រោងគូសាណូជារបស់ជប៉ុន បានចាប់ផ្តើមនៅប្រទេសកម្ពុជានៅឆ្នាំ១៩៩១ ដើម្បីគាំទ្រដល់កិច្ចខិតខំ ប្រឹងប្រែងរបស់កម្ពុជាក្នុងការអភិវឌ្ឍ និងស្ថាបនាប្រទេសឡើងវិញ នៅតាមកម្រិតមូលដ្ឋាន។ ជំនួយឥត សំណងនេះ មានទិសដៅការពារជនងាយរងគ្រោះពីកត្តាមួយចំនួនដូចជា ភាពក្រីក្រ និង/ឬ ភាពអកុសលនានា ដែលអាចគំរាមកំហែងដោយផ្ទាល់ដល់អាយុជីវិត ជីវភាពរស់នៅ និងសេចក្តីថ្លៃថ្នូររបស់ពួកគេ ក៏ដូចជាជួយ ជំរុញនូវភាពម្ចាស់ការលើខ្លួនឯងរបស់ប្រជាសហគមន៍៕

To Top