សាស្រ្តាចារ្យ ឈាង រ៉ា ៖ វិស័យសុខាភិបាល នៅតែបន្តរឹងមាំ ទោះមមាញឹកការងារព្រំដែន
ភ្នំពេញ ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួង សុខាភិបាលបានលើកឡើងថា ទោះបីមានភាពមមាញឹកការងារព្រំដែន ប៉ុន្តែវិស័យសុខាភិបាល នៅតែបន្តរឹងមាំនូវការងារ ស្នូលរបស់ខ្លួន ជាពិសេសការប្រយុទ្ធនឹងជំងឺ មិនឆ្លងដែលជាសត្រូវលាក់មុខ ហើយស្ងាត់ស្ងៀមបំផុត។

ក្នុងឱកាសបើកសិក្ខាសាលាពិគ្រោះយោបល់ បញ្ចប់ផែនការសកម្មភាពជាតិ ស្តីពីលើកកម្ពស់សុខភាព ដើម្បីបង្ការ និងប្រយុទ្ធនឹងជំងឺមិនឆ្លងឆ្នាំ២០២៦-២០៣០ នៅថ្ងៃទី១៦ ធ្នូ សាស្រ្តាចារ្យ ឈាង រ៉ាបានលើកឡើងថា ជំងឺមិនឆ្លងកើតឡើងដោយសារកត្តាហានិភ័យពាក់ព័ន្ធនឹងឥរិយាបថសំខាន់ៗ គឺកត្តាវ័យ និងកត្តានៃការរស់នៅ ។ ជំងឺមិនឆ្លងអាចចៀសវាងបាន ដោយត្រូវផ្លាស់ប្តូររបៀបរបបនៃការរស់នៅ , ការទទួលទានអាហារមិនមានសុខភាពល្អ , ការជក់បារី , ការប្រើប្រាស់គ្រឿងស្រវឹង និងកង្វះសកម្មភាពរាងកាយ ។

សាស្រ្តាចារ្យរដ្ឋមន្រ្តីបន្តថា ដើម្បីបង្ការ និងកាត់បន្ថយអត្រាមានជំងឺ និងមរណភាពដោយសារជំងឺមិនឆ្លង ចាំបាច់ត្រូវការសមត្ថភាពប្រព័ន្ធសុខាភិបាលរឹងមាំ អភិក្រម នវានុវត្តន៍ និងយន្តការហិរញ្ញប្បទាន សមស្រប ដើម្បីបម្រើសេវាជំងឺមិនឆ្លង ប្រកបដោយប្រសិទ្ធភាព និងកាត់បន្ថយជាអតិបរមាឥរិយាបថ ហានិភ័យដល់សុខភាព នៅក្នុងក្របខណ្ឌរួម នៃការពង្រឹងសមត្ថភាព និងទំនើបកម្មប្រព័ន្ធបម្រើសេវាថែទាំសុខភាព ដោយត្រូវពង្រឹងសមត្ថភាព មន្រ្តីសុខាភិបាល , ការលើកកម្ពស់ការយល់ដឹង អំពីការបង្ការជំងឺមិនឆ្លងដល់ប្រជាពលរដ្ឋ និងបន្តពង្រឹងកិច្ចសហការពហុវិស័យ ជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ រួមទាំងវិស័យឯកជន ក្នុងការកែលម្អសុខភាព និងកត្តាសង្គម ដែលបង្កឱ្យមានផលប៉ះពាល់លើសុខភាព ។

សាស្រ្តាចារ្យរដ្ឋមន្រ្តី គូសរំលេចថា ក្រសួងសុខាភិបាល កំពុងយកចិត្តទុកដាក់ក្នុងការលើកកម្ពស់សុខុមាលភាព ប្រជាពលរដ្ឋ ឱ្យបានល្អប្រសើរ ជាពិសេសជំងឺមិនឆ្លង ការបង្ការជំងឺមិនឆ្លង អាចអនុវត្តប្រកបដោយជោគជ័យបាន ចាំបាច់ត្រូវមានការចូលរួម ពីប្រជាពលរដ្ឋគ្រប់រូប អង្គការដៃគូ ក្រសួង ស្ថាប័នពាក់ព័ន្ធ និងការចូលរួមរបស់អាជ្ញាធរ ភូមិ ឃុំ សង្កាត់ ក្រុង/ស្រុក/ខណ្ឌ ខេត្ត ។

សាស្រ្តាចារ្យរដ្ឋមន្រ្តី អំពាវនាវ ឱ្យក្រសួងពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍ ចាត់ទុកជំងឺមិនឆ្លងជាបញ្ហាអាទិភាព និងធ្វើការរួមគ្នាអនុវត្ត ផែនការសកម្មភាពជាតិ លើកកម្ពស់សុខភាព ដើម្បីបង្ការ និងប្រយុទ្ធនឹងជំងឺមិនឆ្លងនេះ ដើម្បីឱ្យប្រទេសកម្ពុជាមានលទ្ធភាពកាត់បន្ថយបន្ទុកជំងឺមិនឆ្លង ដែលអាចការពារបាន និងដែលត្រូវចំណាយថវិកាច្រើន៕





