ព័ត៌មានជាតិ

រដ្ឋមន្ដ្រីអប់រំ អំពាវនាវ ដល់គ្រប់ភាគីចូលរួម សម្របសម្រួលដល់សិស្សានុសិស្ស ជាភៀសសឹក ឱ្យបានចុះឈ្មោះ ចូលរៀនគ្រប់ៗគ្នា

ភ្នំពេញ ៖ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអំពាវនាវដលគ្រឹះស្ថានសិក្សាទាំងអស់ បន្តកិច្ចសហការជាមួយ មន្ទីរអប់រំយុវជន និងកីឡា ដើម្បីចូលរួមសម្របសម្រួលគាំពារ ដល់សិស្សានុសិស្សជាភៀសសឹក ឱ្យបានចុះឈ្មោះចូលរៀនគ្រប់ៗគ្នា ។

តាមរយៈវិដេអូជិត ២នាទី ផ្សព្វផ្សាយនៅលើបណ្ដាញសង្គមហ្វេសប៊ុក របស់ក្រសួងអប់រំ នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ លោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បានគូសបញ្ជាក់ថា «សូមអំពាវនាវ ដលគ្រឹះស្ថានសិក្សាទាំងអស់បន្តកិច្ចសហការជាមួយ មន្ទីរអប់រំយុវជន និងកីឡា ទាំងអស់ដើម្បីចូលរួម សម្របសម្រួលគាំពារដល់សិស្សានុសិស្សដែលភៀសសឹក ឱ្យបានចុះឈ្មោះចូលរៀនគ្រប់ៗគ្នា ស្ថិតក្នុងគ្រាដ៏លំបាកនៃជម្លោះព្រំដែនរវាងកម្ពុជា-ថៃ»។

លោកឧបនាយករដ្ឋមន្ត្រី បន្ដថា «សូមឱ្យមាតាបិតា អាណាព្យាបាលភៀសសឹក ទាំងអស់ នាំកូនទៅចុះឈ្មោះចូលរៀន បណ្ដោះអាសន្ននៅតាមគ្រឹះស្ថានសិក្សានានា ដែលមានទីតាំងនៅជិតបំផុត នឹងទីជម្រកសុវត្ថិភាព បណ្ដោះអាសន្នរបស់លោកអ្នក»។

លោកឧបនាយករដ្ឋមន្ត្រី បន្ថែមទៀតថា បន្តពង្រឹងសាមគ្គីភាពគ្នា រក្សាស្មារតីជាតិដ៏រឹងមាំ និងជឿទុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជា។

សូមរំលឹកថា ស្ថិតក្នុងគ្រាដ៏លំបាកនៃជម្លោះព្រំដែនរវាង កម្ពុជា-ថៃ គិតត្រឹមថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ សាលារៀនក្នុងខេត្តជាប់បន្ទាត់ព្រំដែនចំនួន ៦ខេត្ត ត្រូវបានបិទទ្វារសរុប ១០៤២សាលា ប៉ះពាល់គ្រូបង្រៀនចំនួន ៩៨៦៥នាក់ និងសិស្សចំនួន ២៤៥០០១នាក់៕

To Top